មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌៖ យុវជនជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ដូនតាខ្មែរ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--យុវជនគឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ព្រមទាំងកិច្ចប្រតិបត្តិផ្សេងៗរបស់ដូនតា ដែលជាអត្តសញ្ញាណជាតិដ៏ឧត្តុង្គឧត្តម និងរួមចំណែកលើកកម្ពស់តម្លៃវប្បធម៌ជាតិនៅលើឆាកអន្តរជាតិដោយក្តីមោទនភាព។

ថ្លែងក្នុងសិក្ខាសាលាស្តីពី «តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ប្រពៃណីដូនតា»កាលពីថ្ងៃទី ២៨ ខែ កក្ដដា ឆ្នាំ ២០២៦ លោកជំទាវ នេត្រ ភូម៉ារី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសីល្បៈ បានថ្លែងថា យុវជន យុវនារី ដែលជាកុលបុត្រកុលធីតាខ្មែរប្រកបដោយសក្តានុពល និងជាទំពាំងស្នងឫស្សីយ៉ាងរឹងមាំសម្រាប់ជាតិ។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ បានរំលេចអំពីព្រឹត្តិការណ៍សង្គ្រាមកាលពីឆ្នាំមុនដែលប្រទេសជិតខាងបានឈ្លានពានទឹកដីកម្ពុជា ដោយបានផ្តាំផ្ញើដល់ក្មួយៗយុវជនទាំងអស់ ត្រូវចងចាំប្រវត្តិសាស្ត្រទាំងនោះឱ្យបានច្បាស់ ហើយប្រែក្លាយភាពឈឺចាប់ឱ្យទៅជាកម្លាំងចិត្ត ហើយរួមគ្នាថែរក្សា ការពារមរតកវប្បធម៌ទាំងនោះឱ្យបានគង់វង្សស្ថិតស្ថេរជានិរន្តរ៍។

គួរបញ្ជាក់ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗដូចជា៖
១. ដាស់តឿន និងលើកកម្ពស់ការយល់ដឹងគឺបណ្តុះស្មារតីស្រឡាញ់ ស្គាល់តម្លៃ និងមោទនភាពជាតិ ចំពោះ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី និងអរូបីដល់ស្រទាប់យុវវ័យ។
២. បង្កើតកិច្ចពិភាក្សាគឺផ្តល់ឱកាសឱ្យយុវជនបានជួបជុំ ផ្លាស់ប្តូរមតិយោបល់ ទស្សនផ្ទាល់ខ្លួន និងរៀន សូត្រ បន្ថែមពីវាគ្មិនអំពីយុទ្ធសាស្ត្ររួមគ្នាក្នុងការការពារវប្បធម៌ជាតិ។

៣. ជំរុញការចូលរួមរបស់យុវវ័យក្នុងយុគសម័យឌីជីថលគឺលើកទឹកចិត្តយុវជនដែលជាសសរទ្រទ្រង់ជាតិ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាទំនើប និងបណ្តាញសង្គមក្នុងផ្លូវវិជ្ជមាន ដើម្បីផ្សព្វផ្សាយ និងការពារវប្បធម៌ ជាតិ ឱ្យបានគង់វង្ស និងអភិវឌ្ឍបន្ថែមទៀត៕
ដោយ មករា





