ឥណ្ឌា និងកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងផ្តល់ផលរហ័សសម្រាប់ការបោសសំអាតមីនមនុស្សធម៌នៅក្នុងខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០២៦ -- ស្ថានទូតឥណ្ឌាប្រចាំនៅរាជធានីភ្នំពេញ និងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពមីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន - CMAA) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) សម្រាប់ការអនុវត្តគម្រោងផ្តល់ផលរហ័ស (Quick Impact Project - QIP) ដើម្បីគាំទ្រដល់សកម្មភាពបោសសំអាតមីនមនុស្សធម៌ ស្ថិតនៅក្នុងភូមិម៉ល ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីន និងលោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជាន់ខ្ពស់នៃភាគីទាំងពីរ។

គម្រោងក្រោមការគាំទ្រនៃក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័សរបស់ឥណ្ឌានេះ នឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងក្នុងសកម្មភាពមីនថ្នាក់ជាតិរបស់កម្ពុជា ដោយបោសសំអាតផ្ទៃដីដែលមានការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ ១៦៣.២០៧ម៉ែត្រក្រឡានៅក្នុងភូមិម៉ល។ គំនិតផ្តួចផ្តើមនេះ រំពឹងថានឹងផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋប្រមាណ ១.៤០៣នាក់ (ស្មើនឹង ៣៦៩គ្រួសារ) ដោយស្តារឡើងវិញនូវសុវត្ថិភាពដីធ្លីសម្រាប់ការបង្កបង្កើនផលកសិកម្ម ការសាងសង់លំនៅឋាន និងការអភិវឌ្ឍសហគមន៍។ គម្រោងនេះក៏រួមបញ្ចូលទាំងការអប់រំផ្សព្វផ្សាយអំពីហានិភ័យនៃគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីលើកកម្ពស់ការយល់ដឹង និងធានាសុវត្ថិភាពដល់សហគមន៍មូលដ្ឋានផងដែរ។
នៅក្នុងពិធីចុះហត្ថលេខានោះ លោកឯកអគ្គរដ្ឋទូត Vanlalvawna Bawitlung បានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងជាបន្តបន្ទាប់រវាងឥណ្ឌា និងកម្ពុជា លើវិស័យបោសសំអាតមីន។ លោកបានកត់សម្គាល់ថា សកម្មភាពបោសសំអាតមីនមនុស្សធម៌ មិនមែនត្រឹមតែជាការដកហូតនូវគ្រោះថ្នាក់ដែលបង្កប់នៅក្នុងដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបើកឱកាសសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ការលើកកម្ពស់ជីវភាពរស់នៅ និងការធានានូវអនាគតមួយដែលកាន់តែមានសុវត្ថិភាព និងវិបុលភាពសម្រាប់សហគមន៍មូលដ្ឋានទៀតផង។
ឯកឧត្តម បណ្ឌិត លី ធុជ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់ដៃគូសហប្រតិបត្តិការដ៏យូរអង្វែងក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ ឯកឧត្តមបានកត់សម្គាល់ថា ចំណងមិត្តភាពរវាងកម្ពុជា និងឥណ្ឌា ដែលមានឫសគល់យ៉ាងជ្រៅជ្រះក្នុងប្រវត្តិសាស្ត្រ និងអារ្យធម៌រួមគ្នារាប់សតវត្សមកហើយនោះ នៅតែបន្តរីកចម្រើនយ៉ាងរស់រវើកតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង ដែលបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានសម្តែងនូវការកោតសរសើរចំពោះជំនួយមនុស្សធម៌ដ៏មានតម្លៃរបស់ឥណ្ឌាជូនដល់ជនរងគ្រោះដោយសារគ្រាប់មីន តាមរយៈគំនិតផ្តួចផ្តើម «India for Humanity» ដែលបានជួយដល់ជនពិការដោយសារគ្រាប់មីននៅកម្ពុជារាប់រយនាក់ឱ្យទទួលបានមកវិញនូវសមត្ថភាពក្នុងការផ្លាស់ទី វិបុលភាព និងឱកាសក្នុងការកសាងជីវភាពរស់នៅប្រកបដោយផ្លែផ្កា។
ប្រទេសឥណ្ឌា គឺជាដៃគូដ៏យូរអង្វែងក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាតមីនមនុស្សធម៌នៅកម្ពុជា។ ក្រោមក្របខ័ណ្ឌគម្រោងផ្តល់ផលរហ័សនៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ប្រទេសឥណ្ឌា និងអាជ្ញាធរមីន បានអនុវត្តដោយជោគជ័យនូវគម្រោងបោសសំអាតមីនចំនួន៤ រួចមកហើយ។ គម្រោងទីមួយបានជួយបោសសំអាតភូមិចំនួន៤ ក្នុងខេត្តកោះកុង ដែលផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៧.០០០នាក់។ គម្រោងទីពីរនៅក្នុងភូមិកោះប៉ោ ខេត្តកោះកុង បានបោសសំអាតដីរងការគំរាមកំហែងប្រមាណ ១៩៧.៨១០ម៉ែត្រក្រឡា ដោយផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៣.៣០០គ្រួសារ។ ដោយឡែក គម្រោងផ្តល់ផលរហ័សមួយទៀតដែលកំពុងដំណើរការនៅក្នុងភូមិព្រះអណ្តូង ខេត្តពោធិ៍សាត់ កំពុងមានវឌ្ឍនភាពល្អ ហើយនឹងបោសសំអាតដីប្រមាណ ២០០.០០០ម៉ែត្រក្រឡា ដែលផ្តល់ប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ ១.០០០នាក់។
ប្រទេសឥណ្ឌាបានបន្តគាំទ្រកម្មវិធីសកម្មភាពមីនរបស់កម្ពុជាយ៉ាងជាប់លាប់ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការកសាងសមត្ថភាព ការផ្តល់ឧបករណ៍បោសសំអាតមីន ការប្រគល់សុនខហិតមីន ជំនួយដល់ជនរងគ្រោះដោយសារគ្រាប់មីន និងថវិកាឧបត្ថម្ភឥតសំណងសម្រាប់គម្រោងបោសសំអាតមីនមនុស្សធម៌។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមអនុប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌាមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ២០២២ ប្រទេសឥណ្ឌាបានប្រកាសផ្តល់ជំនួយពិសេសដើម្បីគាំទ្រដល់ការបោសសំអាតមីនមនុស្សធម៌នៅក្នុងស្រុកបទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងឃុំត្រពាំងរូង។ ជាការគួរឱ្យកត់សម្គាល់ ស្រុកបទុមសាគរ ស្រុកស្រែអំបិល និងឃុំត្រពាំងរូង ត្រូវបានប្រកាសជាតំបន់អស់មីនរួចរាល់ហើយ ខណៈដែលស្រុកថ្មបាំង រំពឹងថានឹងសម្រេចបានស្ថានភាពអស់មីននាពេលឆាប់ៗខាងមុខនេះ ដែលជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងឥណ្ឌា និងកម្ពុជា ឆ្ពោះទៅកាន់អនាគតដែលគ្មានគ្រាប់មីន។
ជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តថ្នាក់ជាតិរបស់កម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា រាល់ហិកតានៃដីដែលបានបោសសំអាតតាមរយៈកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌា គឺបាននាំឱ្យកម្ពុជាខិតកាន់តែជិតទៅរកគោលដៅនៃការក្លាយជាប្រទេសដែលផុតពីផលប៉ះពាល់ដោយសារគ្រាប់មីន ដោយគ្មានសហគមន៍ណាមួយរស់នៅក្រោមការគំរាមកំហែងនៃគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមទៀតឡើយ។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែងរវាងឥណ្ឌា និងកម្ពុជា ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់សន្តិសុខមនុស្សជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និងសុខុមាលភាពរបស់សហគមន៍ដែលរងផលប៉ះពាល់ដោយសារបេតិកភណ្ឌនៃគ្រាប់មីន៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា)





