អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលើកឡើងថា កម្ពុជា មិនមែនចាំទាល់តែគេលែងអនុគ្រោះពន្ធ ទើបចាប់ផ្តើមគិតគួរនោះទេ គឺយើងបានគិតគួរពីឥឡូវនេះ
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ --ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា យើងមិនមែនចាំទាល់តែគេលែងអនុគ្រោះពន្ធ ទើបយើងចាប់ផ្តើមគិតគួរនោះទេ គឺយើងបានគិតគួរពីឥឡូវនេះទៅហើយ រាប់ទាំងការកែនីតិវិធីកុំឱ្យមានភាពស្មុគស្មាញ ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកឱ្យបានចុះថោក ធ្វើការងារប្រកបដោយគុណភាព ពង្រឹងជំនាញបន្ថែមទៀតឱ្យបានខ្លាំង។ ការគូសបញ្ជាក់របស់ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី អត្រាពន្ធគយថ្មីក្នុងការនាំចូលពីកម្ពុជាទៅសហរដ្ឋអាមេរិក បន្ទាប់ពីការស៊ើបអង្កេតអនុលោមភាព នៃមាត្រា ៣០១ ច្បាប់ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលបានធ្វើឡើងនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ការគិតគូរនេះ ក៏ត្រូវកែប្រែពីការកាត់ដេរសម្លៀកបំពាក់ ទៅជាវិស័យឧស្សាហកម្មអេឡិចត្រូនិក ការកែច្នៃម្ហូបអាហារ ដែលកត្តាទាំងនេះនឹងធ្វើឱ្យប្រទេសកម្ពុជារីកចម្រើនបាន និងឈានទៅសម្រេចគោលដៅ និងចក្ខុវិស័យវែងឆ្ងាយរបស់កម្ពុជា ផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា កម្ពុជា មិនបានពឹងផ្អែកតែទៅលើការអនុពន្ធពីប្រទេសដទៃតែមួយមុខ ដើម្បីឱ្យប្រទេសជាតិភាពរីកចម្រើននោះទេ គឺកម្ពុជា បានខិតខំគិតគូរ និងប្រឹងប្រែងដោយខ្លួនឯង ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើមផលិតឱ្យបានទាប រួមទាំងការកែរទម្រង់គ្រប់ផ្នែក ដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រទេសទាំងអស់ នៅលើពិភពលោកបាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ «យើងកំពុងតែខិតខំប្រឹងប្រែងដោយខ្លួនយើង កុំពឹងផ្អែកទៅលើតែអត្រាអនុគ្រោះពន្ធមួយគត់ ត្រូវពឹងផ្អែកលើខ្លួនយើង ក្នុងការកាត់បន្ថយតម្លៃផលិតនៅកម្ពុជា យើងឱ្យបានទាប ទើបយើងអាចប្រកួតប្រជែងជាមួយគេបាន។ កុំពឹងផ្អែកទៅលើពន្ធអនុគ្រោះពីប្រទេសនេះ ប្រទេសនោះ ត្រូវពឹងផ្អែកខ្លួនយើង»។
ជាមួយគ្នានេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ផងដែរថា អនាគតជាតិយើង គឺខ្លួនយើងត្រូវតែខិតខំសម្រេច ធ្វើយ៉ាងណាកែទម្រង់គ្រប់បែបយ៉ាងទាំងអស់ ដើម្បីឱ្យប្រទេសកម្ពុជា អាចធ្វើការប្រកួតប្រជែងជាមួយប្រទេស នៅលើពិភពលោកបាន ហើយបើយើងមិនខិតខំកែប្រែដោយខ្លួនឯងនោះទេ នៅពឹងផ្អែកតែលើការអនុគ្រោះពន្ធនោះ នៅពេលណាមួយអត្រាពន្ធនេះ នឹងបាត់ទៀត។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា៖ «យើងមិនមែនចាំទាល់តែគេលែងអនុគ្រោះពន្ធ ទើបយើងចាប់ផ្តើមគិតគួរនោះទេ គឺយើងបានគិតគួរពីឥឡូវនេះទៅ រាប់ទាំងការកែនីតិវិធីកុំឱ្យមានភាពស្មុគស្មាញ ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកឱ្យបានចុះថោក ធ្វើការងារប្រកបដោយគុណភាព ពង្រឹងជំនាញបន្ថែមទៀតឱ្យបានខ្លាំង»៕
ដោយ៖ រិទ្ធី





