ឯកឧត្តម កែ គឹមយ៉ាន អរគុណប្រជាពលរដ្ឋ និងអំពាវនាវឱ្យរួមគ្នាការពារសុខសន្តិភាពជាតិ
AKPបន្ទាយមានជ័យថ្ងៃទី២៦ខែកក្កដាឆ្នាំ២០២៦---
ឯកឧត្តម កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងប្រទេស ដែលបានបន្តផ្តល់ទំនុកចិត្ត និងការគាំទ្រយ៉ាងរឹងមាំដល់ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅគ្រប់អាណត្តិនៃរាជរដ្ឋា ភិបាល។

ការថ្លែងនេះ ធ្វើឡើងនាថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាលជាមួយមន្ត្រីគណបក្សថ្នាក់ស្រុក ឃុំ សាខាបក្សភូមិ និងយុវជនគណបក្ស ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម កែ គឹមយ៉ាន បានវាយតម្លៃខ្ពស់ចំពោះការលះបង់ និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកាគណ បក្ស វិស័យឯកជន វិស័យសាសនា និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ដែលបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណ បក្ស និងគោលនយោបាយរបស់រាជរដ្ឋា ភិបាល។

ជាពិសេស ឯកឧត្តមបានកោតសរសើរចំពោះអាជ្ញាធរដែនដី អង្គភាពពាក់ព័ន្ធ ក្រុមការងារ និងសមាជិកគណបក្សស្រុកមង្គលបូរី ដែលបានបង្ហាញស្មារតីសាមគ្គីភាព និងជាតិនិយម តាមរយៈការចូលរួមជួយដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការរួមចំណែកការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ក្នុងអំឡុងពេលដែលស្ថានការណ៍តានតឹងនៅតំបន់ព្រំដែនបានកើតឡើងនាពេលកន្លងមកដោយសារការឈ្លានពានយ៉ាងគឃ្លើនពីសំណាក់ទាហានថៃនោះ។

ឯកឧត្តម កែ គឹមយ៉ាន បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តរក្សាបានស្ថិរភាព និងកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងការបន្តអនុវត្តមាគ៌ានយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានព្រឹទ្ធសភា។
ឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនប្រមាណ ៤,២ភាគរយ ក្នុងឆមាសទី១ ឆ្នាំ២០២៦ ខណៈការអភិវឌ្ឍលើវិស័យសំខាន់ៗនៅតែបន្តដំណើរការទៅមុខ។
ទន្ទឹមនឹងការលើកឡើងពីសមិទ្ធផលនានា ឯកឧត្តមក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាគណបក្ស និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឱ្យបន្តរួមគ្នាការពារសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ព្រមទាំងការពារជាតិ សាសនា ព្រះមហាក្សត្រ អធិបតេយ្យភាពជាតិ និងរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ត្រូវបន្តអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីធានាការរស់នៅប្រកប ដោយសុខសាន្តរបស់ប្រជាពលរដ្ឋ។
សាររបស់ឯកឧត្តម កែ គឹមយ៉ាន បានឆ្លុះបញ្ចាំងពីការផ្តោតសំខាន់លើការពង្រឹងសាមគ្គីភាពជាតិ ការរក្សាសន្តិភាព និងការបន្តអភិវឌ្ឍប្រទេស ដោយចាត់ទុកជំនឿ និងការគាំទ្ររបស់ប្រជា ពលរដ្ឋជាកម្លាំងដ៏សំខាន់ ក្នុងការជំរុញឱ្យកម្ពុជាបន្តដំណើរទៅមុខប្រកបដោយស្ថិរភាព និងចីរភាព៕
ដោយ៖ឈុនសារ៉ាត





