មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ៖ សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្តដា ឆ្នាំ២០២៦---
ឯកឧត្តម ឧត្តមសេនីយ៍ឯក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូល ដ្ឋានស្រុកអង្គរជុំ ខេត្តសៀមរាបថ្លែងថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយក្នុងបរិយាកាសដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម យើងមានលទ្ធភាពកសាងសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់ ឯកឧត្តម លី កុសល យ៉ាងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋក្នុង វេទិកាសាធា រណៈលើកទី៣ នៅស្រុកអង្គរជុំ ខេត្ត សៀមរាប កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមបានបន្តថា ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ចំពោះការពង្រឹងអភិបាលកិច្ចល្អ ការកែលម្អការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសង្គម និងការជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រ សិទ្ធភាព ហើយថា វេទិកាសាធារណៈដែលយើងរៀបចំថ្ងៃនេះគឺជាការអនុវត្តជាក់ស្តែងនៃគោលការណ៍ «រដ្ឋបាលបម្រើប្រជាពលរដ្ឋ» ដោយបង្កើតឱកាសឱ្យប្រជាពលរដ្ឋបានជួបពិភាក្សាដោយផ្ទាល់ជាមួយអាជ្ញាធរ។

ឯកឧត្តម លី កុសល បានសង្កត់ធ្ងន់ថា យើងទាំងអស់គ្នាត្រូវយល់ថា ការអភិវឌ្ឍមូលដ្ឋានមិនមែនជាភារកិច្ចរបស់អាជ្ញាធរតែម្នាក់ឯងនោះទេ ហើយក៏មិនមែនជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋតែម្នាក់ឯងនោះក៏ទេដែរ ពោលគឺការអភិវឌ្ឍដែលមាននិរន្តរភាពត្រូវកើតចេញពីការចូលរួមរបស់ភាគីទាំងអស់ក្នុងស្មារតីសាមគ្គីភាព ការ យោគយល់គ្នា និងការទទួលខុសត្រូវរួម។ ដូច្នេះវេទិកាសាធារណៈនេះ គឺជាយន្តការដ៏សំខាន់មួយដើម្បីពង្រឹងទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជា ពលរដ្ឋ ស្តាប់មតិយោបល់ដោយផ្ទាល់ ស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន និងរួមគ្នាដោះស្រាយបញ្ហាដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។ វេទិកានេះក៏ជាឱកាសសម្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិនិត្យឡើងវិញនូវការអនុវត្តតួនាទី និងកែលម្អការបម្រើសេវាជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងទទួលខុសត្រូវ ខណៈដែលវេទិកាថ្ងៃនេះបានផ្តោតលើប្រធានបទសំខាន់ចំនួន៣ គឺ៖ ១.ការបម្រើសេវាសាធារណៈនៅមូលដ្ឋាន ដោយយើងចង់ស្តាប់ពីគុណភាពនៃការផ្តល់សេវា ភាពរហ័សរហួន ភាពងាយស្រួល ភាពត្រឹមត្រូវ និងភាពថ្លៃថ្នូរក្នុងការបម្រើប្រជាពលរដ្ឋ។ ២.ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដោយយើងចង់ស្តាប់មតិអំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ និងបង្ក្រាបបទល្មើស គ្រឿងញៀន ល្បែងស៊ីសង អំពើហិង្សា និងបញ្ហាផ្សេងៗដែលប៉ះពាល់ដល់សុវត្ថិភាព និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ៣.ការអភិវឌ្ឍនៅមូលដ្ឋាន ដោយយើងចង់ស្តាប់សំណូមពរ និងមតិយោបល់ពាក់ព័ន្ធនឹងផ្លូវថ្នល់ ស្ពាន ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលជាតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋដោយឯកឧត្តមបានសុំឱ្យព្រះសង្ឃ មន្ត្រីរាជការ តំណាងសហគមន៍ និងបងប្អូនប្រជាពលរដ្ឋលើកឡើងនូវមតិយោបល់ សំណូមពរ និងសំណួររបស់ខ្លួនដោយស្មារតីភាតរភាព ស្ថាបនា និងការទទួលខុសត្រូវដោយរាល់មតិយោបល់ដែលបានលើកឡើងនឹងត្រូវបានស្តាប់ដោយយកចិត្តទុកដាក់ កត់ត្រាទុក និងពិនិត្យដោះស្រាយតាមសមត្ថកិច្ច បញ្ហាដែលអាចដោះស្រាយបានភ្លាមៗ យើងនឹងឆ្លើយបំភ្លឺ និងដោះស្រាយភ្លាមៗ បញ្ហាដែលត្រូវការការសម្របសម្រួល ឬហួសសមត្ថកិច្ចនឹងត្រូវបញ្ជូនទៅស្ថាប័នជំនាញពាក់ព័ន្ធថ្នាក់លើជួយដោះស្រាយបន្ត៕
ដោយ៖ ចាន់ សុភឿន





