គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចុះអន្តរាគមន៍សង្គ្រោះស្រូវជូនប្រជាកសិករនៅស្រុកសង្កែ និងស្រុកថ្មគោល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- លោក សុទ្ធ គឹមកុលមុនី អគ្គលេខាធិការរង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦ បានបន្តតាមដានការវាយតម្លៃផលប៉ះពាល់ និងការអន្តរាគមន៍ទឹកសម្រាប់ជួយសង្គ្រោះស្រូវរដូវវស្សាជូនប្រជាកសិករ នៅឃុំកំពង់ព្រៀង ស្រុកសង្កែ និងស្រុកថ្មគោល ខេត្តបាត់ដំបង។

លោក សុទ្ធ គឹមកុលមុនី បានលើកឡើងថា នៅស្រុកសង្កែ យើងកំពុងបញ្ជូនម៉ាស៊ីនបូមទឹក និងកំពុងចាត់ចែងឱ្យធ្វើការបូមដោយក្រុមប្រឹក្សាភិបាលសហគមន៍ និងសហភាពសហគមន៍យ៉ាងត្រឹមត្រូវ និងមានរបៀបរៀបរយ ដោយមានអាជ្ញាធរ និងនគរបាលប៉ុស្ត៍រួមគ្នាគ្រប់គ្រងជាមួយបងប្អូនសហគមន៍។ ហើយនៅរសៀលថ្ងៃដដែលនេះ យើងបានបន្តចុះតាមដានការបញ្ជូន និងចែកចាយទឹកនៅសហគមន៍កសិកម្មទំនើបថ្មគោល ក្នុងស្រុកថ្មគោល បន្ទាប់ពីបានសម្របសម្រួលឱ្យមានការបញ្ជូនទឹកពីទំនប់បវេលមកកាន់ស្រែសហគមន៍។

ក្នុងការចុះអន្តរាគមន៍នេះ ក៏មានការចូលរួមពី លោក គង់ គា ប្រធាននាយកដ្ឋានដំណាំស្រូវ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការចូលរួមពីតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរខេត្តបាត់ដំបងផងដែរ៕

ដោយ៖ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





