កូរ៉េខាងត្បូងបដិសេធសំណើរបស់សហរដ្ឋអាមេរិកក្នុងការដាក់ពង្រាយទ័ពទៅកាន់ច្រកសមុទ្រហ័រមុស
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ -- កូរ៉េខាងត្បូងបានបដិសេធជាផ្លូវការថា មិនបានទទួលសំណើថ្មីពីសហរដ្ឋអាមេរិកដើម្បីដាក់ពង្រាយនាវាចម្បាំង ឬទ្រព្យសម្បត្តិយោធាទៅកាន់ច្រកសមុទ្រហ័រមុសទេ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងអ៊ីរ៉ង់។ទីប្រឹក្សាសន្តិសុខជាតិ លោក វី ស៊ុង-ឡាក បានបដិសេធចំពោះការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយដែលបានអះអាងថា សំណើមួយត្រូវបានធ្វើឡើង ដោយបញ្ជាក់ថា មិនមានសកម្មភាពជាក់លាក់ណាមួយត្រូវបានទាមទារដោយមន្ត្រីអាម៉េរិកនោះទេ។
បញ្ហានេះបានកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រូប៊ីអូ បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ ហ៊ីយុន និងសមភាគីក្នុងតំបន់ផ្សេងទៀត រួមជាមួយនឹងកិច្ចប្រជុំអាស៊ាននៅទីក្រុងម៉ានីល។ ខណៈដែល លោក រូប៊ីអូ បានទទួលស្គាល់ថាមិនមានសំណើដាក់ពង្រាយកងទ័ពជើងទឹកណាមួយត្រូវបានធ្វើឡើងក្នុងអំឡុងពេលពិភាក្សានោះទេ លោកបានកត់សម្គាល់ថា ប្រទេសអាស៊ីពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រេង និងឧស្ម័ននៅមជ្ឈិមបូព៌ា ដោយលោកបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនធ្លាប់បានពិភាក្សាអំពីបញ្ហានេះជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនហើយនឹងស្វាគមន៍ការគាំទ្ររបស់ពួកគេ។
ជាការឆ្លើយតប ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថាទីក្រុងសេអ៊ូលកំពុងធ្វើការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីរបៀបចូលរួមចំណែកជាក់ស្តែងដល់សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រមួយនេះ។ ទោះជាយ៉ាងណាក៏ដោយ មន្ត្រីនោះបានសង្កត់ធ្ងន់ថាការចូលរួមដែលអាចកើតមានណាមួយត្រូវតែធ្វើឱ្យមានតុល្យភាពដោយប្រុងប្រយ័ត្នរវាងការត្រៀមខ្លួនការពារជាតិរបស់កូរ៉េខាងត្បូងនៅលើឧបទ្វីបកូរ៉េ រួមជាមួយនឹងនីតិវិធីច្បាប់ក្នុងស្រុក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





