ឯកឧត្តម សុខ លូ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅឃុំជ្រៃ ស្រុកមោងឫស្សី
AKP បាត់ដំបង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្នុងភូមិអង្គ្រង និងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចំនួន ២.៦៦១បណ្ណ ជូនប្រជាពលរដ្ឋ ១.០០៦គ្រួសារ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិ សូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេ គួររក្សាទុកចែកតកូនតចៅ។ សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការ ត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា ១ម៉ែត្រក្រឡា ៤រៀលសម្រាប់ដីកសិកម្ម និង ១ម៉ែត្រក្រឡា ៣០រៀលសម្រាប់ដីសាងសង់។

ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រើប្រាស់ទឹកដោយសន្សំសំចៃខ្ពស់ ដោយសារឆ្នាំនេះមានកើតឡើងនូវបាតុភូតអែលនីញ៉ូបដែលណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង និងខ្សត់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស ហើយសម្រាប់ខេត្តបាត់ដំបងក៏បានជួបនូវបញ្ហាខ្វះទឹក និងខ្សត់ទឹកភ្លៀងផងដែរ និងសូមការយោគយល់ពីប្រជាកសិករដែលជួបប្រទះបញ្ហាខ្វះទឹកស្រោចស្រពដំណាំស្រូវ ព្រោះការបើកផ្ដល់ទឹកមានកម្រិតដោយត្រូវរក្សាទុកទឹកមួយផ្នែកសម្រាប់ត្រៀមបង្ការការខ្វះទឹកនៅពេលខាងមុខ។

ប្រជាពលរដ្ឋបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីដ៏មានតម្លៃសម្រាប់ប្រើប្រាស់ជាប្រយោជន៍ និងចែកតកូនតចៅ៕

ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





