ក្រុមហ៊ុន Plug and Play ប្រកាសវិនិយោគលើ konektAgri ដែលជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ -- ប្រភពពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឱ្យដឹងនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ នេះថា konektAgri គឺជាធុរកិច្ចថ្មីឌីជីថលទី២ របស់កម្ពុជា ដែលទទួលបានការវិនិយោគពីក្រុមហ៊ុន Plug and Play តាមរយៈកម្មវិធីពន្លឿន និងអភិវឌ្ឍន៍ធុរកិច្ចថ្មីឌីជីថល កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីធុរកិច្ចថ្មី Bamnang ។

ការវិនិយោគនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកម្មវិធី ក្នុងការគាំទ្រធុរកិច្ចថ្មីឌីជីថលកម្ពុជាឱ្យទាក់ទាញការវិនិយោគពីវិនិយោគិនអន្តរជាតិ និងរួមចំណែកពង្រឹងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីឌីជីថលនៅកម្ពុជា។
konektAgri បានបង្កើតថ្នាល agriKredit™ ដែលជាប្រព័ន្ធវាយតម្លៃឥណទាន និងគ្រប់គ្រងហានិភ័យសម្រាប់វិស័យកសិកម្ម ដោយរួមបញ្ចូលទិន្នន័យហិរញ្ញវត្ថុជាមួយទិន្នន័យកសិកម្ម ដូចជារូបភាពផ្កាយរណប ទិន្នន័យអាកាសធាតុ ទីតាំងដីកសិកម្ម និងប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណឌីជីថល (e-KYC) ដើម្បីជួយស្ថាប័នហិរញ្ញវត្ថុធ្វើការសម្រេចចិត្តផ្តល់ឥណទានបានកាន់តែត្រឹមត្រូវ និងមានប្រសិទ្ធភាព។

លោក Nithyasri Manikandan អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់របស់ក្រុមហ៊ុន Plug and Play បានមានប្រសាសន៍ថា konektAgri កំពុងកសាងថ្នាលទិន្នន័យ និងប្រព័ន្ធវាយតម្លៃហានិភ័យដែលឆ្លើយតបនឹងតម្រូវការនៃវិស័យហិរញ្ញវត្ថុកសិកម្មក្នុងទីផ្សារកំពុងអភិវឌ្ឍន៍៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





