សម្ដេចធិបតី នឹងអញ្ជើញទៅចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋខេត្តកណ្ដាលនៅចុងខែកក្កដា
AKP សៀមរាប ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦–ក្នុងគោលដៅពន្លឿនការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានទូទាំងប្រទេស ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា នឹងអញ្ជើញទៅចែកបណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋខេត្តកណ្ដាលនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ ខណៈប្រជាពលរដ្ឋក្នុងខេត្តក្រុងផ្សេងៗទៀតនឹងទទួលបានបណ្ណកម្មសិទ្ធិដីធ្លីជាបន្តបន្ទាប់។

ការប្រកាសឱ្យដឹងមុននេះ ត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង កម្រិតបរិញ្ញាបត្រ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ជូននិស្សិតជ័យលាភីចំនួន ១.៥០០នាក់នៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។
ពាក់ព័ន្ធការចែកបណ្ណកម្មសិទ្ធិដីធ្លីនេះ សម្ដេចធិបតី បានមានប្រសាសន៍ថា«ខ្ញុំគិតថា នេះជាលើកទី១នៃប្រវត្តិសាស្ត្រកម្ពុជាដែលគ្រប់គ្នាមានបណ្ណឯកជន ជាបណ្ណអចលនទ្រព្យរបស់ខ្លួន »។ បើតាមការគូសបញ្ជាក់របស់សម្ដេចធិបតី កាលពីជំនាន់មុនប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលប៉ុន្តែដីជារបស់រដ្ឋ។ ប៉ុន្តែបច្ចុប្បន្នរដ្ឋខិតខំបែងចែកដីធ្លីជូនប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលយល់ថា «ផល និងទ្រព្យរបស់ប្រជាជន កម្មសិទ្ធិឯកជននេះមានសារៈសំខាន់ក្នុងការជួយលើកកម្ពស់ និងភាពបត់បែន នៃការប្រើប្រាស់»។

សូមរម្លឹកជូនថា កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ក៏បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែកក្កដា ឆ្នាំ២០២៦ ផ្តោតសំខាន់លើការពន្លឿនការចេញបណ្ណកម្មសិទ្ធិដីធ្លី និងការដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនប្រជាពលរដ្ឋ និងដាក់ចេញនូវទិសដៅអនុវត្តការងារបន្តឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីជំនាញជាច្រើនរូប៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ គល់ រ៉េននី





