ឯកឧត្តម អ៊ុន ចាន់ដា៖ យើងលុបបំបាត់ជម្រកមូសខ្លា គឺលុបបំបាត់គ្រុនឈាម
AKP កំពង់ចាម ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអំពាវនាវដល់ ពលរដ្ឋយើងត្រូវតែរួមគ្នាលុបបំបាត់ជម្រកមូសខ្លា គឺលុបបំបាត់គ្រុនឈាម។ ការលុបបំបាត់ជម្រក មូសខ្លាដោយសម្អាតបរិស្ថានជុំវិញផ្ទះ លុបភក់ជ្រាំ លុបបំបាត់វត្ថុដែលមានទឹកដក់ជាកន្លែងពង ញាស់នៃការកកើតដង្កូវទឹក បង្កើតជាមូលខ្លាដែលជាប្រភព និងជាភ្នាក់ងារចម្លងមេរោគ ជំងឺគ្រុនឈាម។

ឯកឧត្តមអភិបាលខេត្តថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកយុទ្ធនា ការប្រយុទ្ធនឹងជំងឺគ្រុនឈាម ក្រោមប្រធានបទ «គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម» នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលបានប្រារព្ធធ្វើនៅបរិវេណសាលាស្រុកចំការលើ ខេត្តកំពង់ចាម។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា ជំងឺគ្រុនឈាម គឺជាជំងឺដែលឆ្លងតាមរយៈមូសខ្លា ដែលអាចបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិត ប្រសិនបើមិនបានព្យាបាល ទាន់ពេលវេលា និងឱ្យបានត្រឹមត្រូវ។ មូសខ្លាគឺជាភ្នាក់ងារមួយដ៏សំខាន់ក្នុងការចម្លងមេរោគ គ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ពិសេសចំពោះក្មេងតូចៗ និងកុមារ។ ដើម្បីលុប បំបាត់ជំងឺគ្រុនឈាម គប្បីយើងរួមគ្នាលុបបំបាត់ជម្រកសត្វមូសខ្លា ដោយធ្វើអនាម័យ សំអាត បរិស្ថានជុំវិញផ្ទះ លុបបំបាត់ភក់ជ្រាំ និងវត្ថុដក់ទឹកដូចជា សម្បកកង់រថយន្ត សម្បកកង់ម៉ូតូចាស់ៗ ត្រឡោកដូង ដប និងកែវជាដើម ត្រូវកប់ ឬដុតចោល។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានធ្វើការអំពាវនាវ និងដាស់តឿនដល់មាតាបិតា និងអាណាព្យា បាលទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពកូនចៅតូចៗ ត្រូវឱ្យកូនដេកក្នុងមុង និងស្លៀកពាក់អាវដៃវែង ខោជើងវែងដើម្បីការពារកុំឱ្យមូសខាំ ព្រោះនេះជារដូវវស្សាមូសខ្លាកើត ច្រើន។ ប្រសិនបើបងប្អូនពិនិត្យឃើញថា កូនចៅមានអាការៈក្តៅខ្លួនខ្លាំងខុសពីធម្មតា សូមប្រញាប់ បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាព ដែលនៅជិតបំផុតជាបន្ទាន់ ដោយមិនអាច ចេះតែផ្សំថ្នាំតាមផ្ទះ ឬឧសថស្ថានលេបដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យឡើយ អាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិត។

ឯកឧត្តម អ៊ុន ចាន់ដា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរសុខាភិបាល ខេត្ត ត្រូវចូលរួមអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន អំពីបញ្ហាគ្រោះថ្នាក់ ដោយជំងឺគ្រុនឈាម និងធ្វើយុទ្ធនាការដាក់ថ្នាំអាប៊ែត និងបាញ់ថ្នាំសម្លាប់សត្វមូសតាមលំនៅឋាន របស់ប្រជាពលរដ្ឋ តាមសាលារៀន វត្តអារាមនិងនៅតាមសហគមន៍ជាដើម។ ការលុបបំបាត់ជំងឺ គ្រុនឈាមគឺផ្តើមចេញពីការចូលរួមបង្ការរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ផ្អែកតាមពាក្យស្លោក "គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម" ចាប់ផ្តើមពីផ្ទះរបស់យើងម្នាក់ៗ៕

ដោយ ឆាយ ម៉ុត





