មកដល់ពេលនេះអ្នកទេសចរ និងពលរដ្ឋ ចុងក្រោយដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំអស់ហើយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦–ក្រសួងបរិស្ថានបានឱ្យដឹងថាគិតមកដល់ពេលនេះទេសចរ និងពលរដ្ឋ ចំនួន៣នាក់ចុងក្រោយ ដែលបានជាប់គាំងនៅលើតំបន់ភ្នំខ្នងផ្សារ ត្រូវបានជម្លៀស និងចុះមកដល់ជើងភ្នំ ដល់ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដោយសុវត្ថិភាពទាំងអស់ហើយ។

យោងតាមក្រសួងបរិស្ថានបានឱ្យដឹងនៅរសៀលថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២៦នេះថាគិតត្រឹមម៉ោង២និង៥នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ទឹកជំន់ទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនៅតំបន់ភ្នំខ្នងផ្សារ បានស្រកអស់ច្រើន។ ប្រជាពលរដ្ឋអាចធ្វើដំណើរបាន និងឆ្លងម៉ូតូបានជាធម្មតា ដោយសាររយៈពេលនេះ ពុំមានភ្លៀងទៀតទេក្នុងតំបន់នោះ។ អ្នកទេសចរចំនួន៣នាក់ ចុងក្រោយ ដែលបានជាប់គាំងលើភ្នំរយៈពេល២ថ្ងៃកន្លងមកនេះ ត្រូវបានមន្រ្តីឧទ្យានុរក្សនិងប្រជាសហគមន៍ បានសម្រួលចុះមកក្រោមវិញប្រកបដោយសុវត្ថិភាព។ ដោយឡែកមធ្យោបាយធ្វើដំណើរ មានរថយន្តចំនួន ៤ គ្រឿង ដែលស្ថិតក្នុងជើងភ្នំ មិនអាចបញ្ជូនមកដល់ភូមិនៅឡើយ។

សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងបានកើតឡើងនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ នៅតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ និងបានប៉ះពាល់ទេសចរចំនួន ៥៥១នាក់ បានជាប់គាំងមិនអាចចុះពីលើភ្នំបាន ដោយសារទឹកហូរធ្លាក់ខ្លាំង។ប៉ុន្តែជាបន្តបន្ទាប់ចាប់ពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ពេកនេះ មន្ត្រីឧទ្យានុរក្ស សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក្នុងសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ចុះអន្តរាគមន៍នាំយកទេសចរទាំងអស់ មកកាន់ទីតាំងសុវត្ថិភាព និងផ្តល់ការស្នាក់នៅបណ្ដោះអាសន្ននៅ «តំបន់លំហែបៃតងដំណាក់ដំរី» ដោយរៀបចំស្បៀងអាហារ និងកន្លែងស្នាក់នៅជូន រហូតដល់ស្ថានភាពអំណោយផល ទើបបន្តមកកាន់ភូមិតាំងបំពង់វិញ។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថារហូតមកទល់ពេលនេះទេសចរ និងប្រជាពលរដ្ឋនៃសហគមន៍មូលដ្ឋាន ត្រូវបានជួយសង្គោះនិងសម្រួលចុះពីលើភ្នំខ្នងផ្សារ និងមកដល់ទីទួលសុវត្ថិភាពអស់់ហើយ។ ក្រសួងបរិស្ថានបន្តតាមដាននិងរចូលរួមសហការ ជាមួយអ្នកពាក់ព័ន្ធ ជាពិសេសភ្ញៀវទេសចរទាំងអស់ ដើម្បីធានាសុវត្តិភាពសម្រាប់ការធ្វើដំណើរកម្សាន្តនៅតាមតំបន់ព្រៃភ្នំក្នុងរដូវវស្សានេះ៕

ដោយ៖មករា





