ពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦-- នៅសាលមហោស្រពនៃមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ បានរៀបចំពិធីប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥ នាព្រឹកថ្ងៃអង្គារ ទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា បានលើកឡើងថា ការវាយតម្លៃអង្គភាពសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ជាកត្តាលីករដ៏មុតស្រួចក្នុងការជំរុញស្ថាប័នទាំង២ ទទួលបានជោគជ័យដ៏ត្រជះត្រចង់ និយាយដោយឡែក បានបង្កើនលទ្ធផលសុខភាព និងបានជួយគាំទ្រដល់មូលដ្ឋានសុខាភិបាល ក្នុងការកែលម្អគុណភាពសេវាសុខាភិបាលប្រកបដោយនវានុវត្តន៍ បរិយាបន្ន និងផ្តល់ការលើកទឹកចិត្តដល់បុគ្គលិក ជាពិសេសបានបង្កើននូវទំនុកចិត្ត និងការរំពឹងទុករបស់ប្រជាជន ក្នុងការមកទទួលសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលសាធារណៈ។

ឈរលើមូលដ្ឋានសមិទ្ធផលសម្រេចបានទាំងនេះ ជាមួយកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងសុខាភិបាលសូមជំរុញកិច្ចសហការ និងលើកទឹកចិត្តដល់មូលដ្ឋានសុខាភិបាលទាំងអស់ ទាំងអង្គភាពសុខាភិបាលថ្នាក់ក្រោមជាតិ រដ្ឋបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំសុខាភិបាលថ្នាក់ជាតិ និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តការចូលរួម និងផ្តល់ការគាំទ្រពេញទំហឹង ក្នុងការអនុវត្តការវាយតម្លៃអង្គភាពផ្តល់ សេវាសាធារណៈគំរូ ដើម្បីរួមគ្នាលើកកម្ពស់ការបម្រើសេវាសាធារណៈប្រកបដោយគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ដើម្បីលើកកម្ពស់សុខភាពរបស់ប្រជាជនកម្ពុជា ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ដែលជាកម្មវិធីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕


ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





