អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និងApp NoDrug ក្នុងវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនសហការជាមួយក្រសួងទេសចរណ៍ រួមជាមួយវិស័យឯកជន ដែលរួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី(LOLC) ទឹកបរិសុទ្ធហាយធិច ក្រុមហ៊ុនទេសចរណ៍ឆាយភល ធូរវើលដ៍ត្រាវែល បានចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ក្នុង “វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦” ដែលធ្វើឡើងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ក្រោមមូលបទ “ទឹកដីពោរពេញដោយភាពស្រស់ត្រកាល និងជាផ្ទះដែលផ្តល់ទំនុកចិត្តសម្រាប់ការធ្វើដំណើរ”។

ក្នុងឱកាសនោះ ឯកឧត្តម ឡោ សុវិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រសួងទេសចរណ៍ដែលទទួលបានការអនុញ្ញាតពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចូលរួមដឹកនាំក្រុមការងារបានជម្រាបជូនថា ក្រសួងទេសចរណ៍យកចិត្តទុកដាក់ដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនដែលអាចបង្កហានិភ័យដល់វិស័យទេសចរណ៍។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ឱ្យដឹងដែរថា ប្រជាពលរដ្ឋពិសេសជនរួមជាតិកាន់សាសនាមូស្លីមមានការចាប់អារម្មណ៍ និងចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការចូលរួមស្វែងយល់ ទទួលយកឯកសារ និងចូលរួមផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន App NoDrug ជាភាសាខ្មែរ និងភាសាអ៊ីស្លាមជាដើម។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកបានលើកឡើងថា ការចូលរួមនេះ បានបង្ហាញពីការយកចិត្តទុកដាក់ជួយសហគមន៍ឱ្យមានសុវត្ថិភាពពីបញ្ហាគ្រឿងញៀន "សុខដុមរមនាទាំងសាសនា សុខដុមរមនាទាំងសហគមន៍" ដែលបញ្ហាគ្រឿងញៀនអាចនឹងកើតលើគ្រប់មនុស្សទាំងអស់ឱ្យតែទៅប៉ះពាល់វា ដោយមិនប្រកាន់សាសនាពណ៌សម្បុរអីទេ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម តុងហួត ក៏បានមានប្រសាសន៍ពាំនាំនូវការកោតសរសើរពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់គ្រប់សមាសភាពទាំងអស់ដែលបានចូលរួមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសំដៅរក្សាបាននូវជីវិត និងសហគមន៍គ្មានគ្រឿងញៀន។ ឯកឧត្ដម ឧត្តមសេនីយ៍ឯកក៏បានអរគុណដល់វិស័យឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, ទឹកបរិសុទ្ធហាយធិច, ក្រុមហ៊ុនទេសចរណ៍ឆាយភល ធូវើលដ៍ត្រាវែល, Pass App, ក្រុមទូរស័ព្ទ metfone ដែលបានចូលរួមឧបត្ថម្ភជាសម្ភារៈ វត្ថុអនុស្សាវរីយ៍ កាបូប ឆ័ត្រ ពែង ផ្លិត មួក ថង់យួរ ខិតប័ណ្ណ ទឹកបរិសុទ្ធ អាវយឺត បដា ។ល។ ដល់ការងារផ្សព្វផ្សាយទាំងបីថ្ងៃនេះ៕
ដោយ៖ រិទ្ធី, ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





