ក្រុមនារីកម្ពុជាឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយឈ្នះក្រុមនារី ទីម័រខាងកើត AFF Women’s Cup
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជាបានវាយបកយកឈ្នះក្រុមជម្រើសជាតិនារីទីម័រខាងកើត ដោយលទ្ធផល ៣-១ នៅក្នុងការប្រកួតបើកឆាកក្នុងពូល B កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ពានរង្វាន់ AFF Women’s Cup នៅប្រទេសម៉ាឡេស៊ី។

ក្រោយការបើកការនាំមុខ ១-០ របស់ក្រុមនារីទីម័រខាងកើតលើក្រុមនារីកម្ពុជា នៅនាទីទី២ គឺក្រុមកម្ពុជាបានដាក់សម្ពាធយ៉ាងខ្លាំង រហូតដល់បង្កើតឱកាសល្អៗជាច្រើនជាមួយនឹងការបញ្ចប់ទីបាន៣គ្រាប់ជាបន្តបន្ទាប់វិញ។ ៣គ្រាប់របស់ក្រុមនារីកម្ពុជាធ្វើសម្រេចដោយកីឡាការិនី ហេង សុវណ្ណមុនី នៅនាទីទី ២៩ កីឡាការិនី ឈិត សោភ័ណ្ឌ នៅនាទីទី៣៦ និងវគ្គទី២រកបាន ១ គ្រាប់ទៀតដោយកីឡាការិនី វិបុល សេរីសេដ្ឋា នៅនាទីទី ៩០+៦ ដើម្បីទទួលបានជ័យជម្នះដោយលទ្ធផល ៣-១។

សម្រាប់ជ័យជម្នះ១ប្រកួតដំបូងនេះ ធ្វើឱ្យក្រុមនារីកម្ពុជាកក់កៅអី ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារពូល B មានតែ ៣ ក្រុម ទោះបីជាការប្រកួតចុងក្រោយ ទទួលបានលទ្ធផល បែបណាក៏ដោយ ហើយ ទីម័រខាងកើត បានធ្លាក់ត្រឹមនេះហើយ បន្ទាប់ពីចាញ់ ២ ប្រកួតជាប់គ្នាគឺចាញ់ ឥណ្ឌូណេស៊ី២-០។ ក្រុមនារីកម្ពុជា មាន ៣ ពិន្ទុ ស្ថិតនៅលេខ ១ ក្នុងពូល ខណៈ ឥណ្ឌូណេស៊ី មាន ៣ ពិន្ទុដែរស្ថិតនៅលេខ ២ ដោយក្រុមទាំងពីរបានឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ប៉ុន្តែក្រុមទាំងពីរត្រូវប៉ះគ្នានៅថ្ងៃទី១៦ ខែកក្កដា ដើម្បីកំណត់ថា ក្រុមណាឈរលេខ ១ និងលេខ ២ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ពានរង្វាន់នារីអាស៊ាននេះមាន៦ប្រទេស ចែកជាពីរពូល ក្នុងនោះក្រុមនារីកម្ពុជា ដែលជាជើងឯករង ស្ថិតក្នុងពូល B ជាមួយ ទីម័រខាងកើត និងក្រុមការពារជើងឯក ឥណ្ឌូណេស៊ី។ ២ប្រកួតរបស់ក្រុមនារីកម្ពុជា ពូល B គឺប៉ះទីម័រខាងកើត និងបន្តប៉ះឥណ្ឌូណេស៊ី នាថ្ងៃទី១៦ ខែកក្កដាខាងមុខ៕

ដោយ ហេង ណាលីន (រូបភាព៖ FFC)





