Vietjet ជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អ រយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ខណៈក្រុមហ៊ុនតភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅទូទាំងពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--ក្រុមហ៊ុន Vietjet ត្រូវបានដាក់ឈ្មោះជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនល្អបំផុតសម្រាប់កន្លែងធ្វើការដ៏ល្អនៅអាស៊ីឆ្នាំ២០២៦ នៅក្នុងពានរង្វាន់ HR Asia Awards ឆ្នាំ២០២៦ សម្រាប់ឆ្នាំទី៦ជាប់ៗគ្នា ខណៈបច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍នេះ ផ្តល់សេវាកម្មជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ ដោយភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅនានាទូទាំងពិភពលោក។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បាននាំយកពានរង្វាន់ HR Asia Diversity, Equity & Inclusion (DE&I) លើកដំបូងរបស់ខ្លួនផងដែរ ដែលពានរង្វាន់នេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការកសាងកន្លែងធ្វើការប្រកបដោយបរិយាប័ន្ននិងផ្តោតការយកចិត្តទុកដាក់លើការអភិវឌ្ឍសមត្ថភាពបុគ្គលិក ខណៈពេលដែលកំពុងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Vietjet។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ពានរង្វាន់នេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំដោយស្ថាប័ន HR Asia ដែលទទួលស្គាល់ស្ថាប័ននានាដែលមានការអនុវត្តលើការពង្រឹងចំណេះដឹងនិងសមត្ថភាពធនធានមនុស្សដ៏លេចធ្លោប្រកបដោយបរិយាប័ន្ន និងវប្បធម៌កន្លែងធ្វើការចម្រុះដ៏រឹងមាំនៅទូទាំងតំបន់។

ក្រុមហ៊ុន Vietjet ក៏ត្រូវបានទទួលស្គាល់ជាលើកដំបូងជាមួយនឹងពានរង្វាន់ HR Asia DE&I Award នៅឆ្នាំនេះផងដែរ។ ប្រភេទនេះ ទទួលស្គាល់ក្រុមហ៊ុនដែលលើកកម្ពស់កន្លែងធ្វើការចម្រុះ សមធម៌ និងបរិយាប័ន្ន ដែលបុគ្គលិកគ្រប់ស្រទាប់វណ្ណៈត្រូវបានគោរព ផ្តល់អំណាច និងផ្តល់ឱកាសស្មើគ្នាក្នុងការរីកចម្រើន។
ការទទួលស្គាល់ទាំងនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន Vietjet ក្នុងការដាក់មនុស្សជាចំណុចកណ្តាលនៃយុទ្ធសាស្ត្រកំណើនរបស់ខ្លួន ខណៈពេលដែលកំពុងបណ្តុះកន្លែងធ្វើការបើកចំហប្រកប ដោយវិជ្ជាជីវៈ និងភ្ជាប់ទំនាក់ទំនងជាសកល។
បច្ចុប្បន្ន ក្រុមហ៊ុន Vietjet មានបុគ្គលិក និងអ្នកជំនាញជិត ១០ ០០០ នាក់ មកពីបណ្តាប្រទេស និងដែនដីជាង ៦៨ រួមទាំងប្រទេសកម្ពុជាផងដែរ ក្នុងនោះ ជិត ៣០% នៃកម្លាំងពលកម្មរបស់ខ្លួនមកពីទូទាំងអាស៊ី ខណៈដែលជិត ៣០% ជាអ្នកជំនាញវ័យក្មេងដែលមានអាយុចន្លោះពី ២០ ទៅ ៣០ ឆ្នាំ ដែលរួមចំណែកដល់ការអភិវឌ្ឍ ភាពច្នៃប្រឌិត និងទស្សនៈថ្មីៗដល់ការអភិវឌ្ឍជាបន្តបន្ទាប់របស់ក្រុមហ៊ុន ។

ជាមួយគ្នានេះ ដើម្បីគាំទ្រដល់ការអភិវឌ្ឍទេពកោសល្យរយៈពេលវែង ក្រុមហ៊ុន Vietjet វិនិយោគយ៉ាងទូលំទូលាយលើការបណ្តុះបណ្តាល និងការអភិវឌ្ឍវិជ្ជាជីវៈតាមរយៈមជ្ឈមណ្ឌលបណ្តុះបណ្តាល Victoria Aviation Academy (VIAA) ជាកន្លែងដែលបុគ្គលិកចូលរួមក្នុងការបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាកាសចរណ៍ស្តង់ដារកម្រិតអន្តរជាតិ កម្មវិធីភាពជាអ្នកដឹកនាំ និងវគ្គសិក្សាឯកទេសដែលផ្តល់ដោយអ្នកជំនាញក្នុងឧស្សាហកម្ម។

សូមជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់សេវាកម្មជើងហោះហើរប្រចាំថ្ងៃលើផ្លូវសៀមរាប-ហាណូយ ដោយភ្ជាប់អ្នកដំណើរពីប្រទេសកម្ពុជាទៅកាន់គោលដៅនានាទូទាំងប្រទេសវៀតណាម អាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប៕
ដោយ៖ រិទ្ធី





