សម្តេច ម៉ែន សំអន៖ ប្រគេនសៀវភៅ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត១១១ឆ្នាំ ដែលជាអំណោយនិងសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦--សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជាអធិបតីក្នុងពិធីធម្មទាន ថ្វាយ-ប្រគេនសៀវភៅឯកសារស្រាវជ្រាវ ស្តីពីដំណើរវិវត្តន៍ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត គ្រឹះស្ថាន មធ្យមសិក្សា នៃព្រះពុទ្ធសាសនានៅកម្ពុជា ខួប១១១ឆ្នាំ (២៤វិច្ឆិកា១៩១៤-២៤វិច្ឆិកា ២០២៥) ដែលជាអំណោយ និងសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី និងឧកញ៉ា ទៀង ផល្លា ដែលបានប្រារព្ធនៅឧបដ្ឋានសាលាវត្តបុទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ១៤រោច ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីនេះក៏មានការ យាង និងនិមន្តពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា ព្រមទាំងពុទ្ធបិរស័ទ្ធជិតឆ្ងាយយ៉ាងច្រើនផងដែរ ។

គួររំលឹកផងដែរថា ការចងក្រងសៀវភៅនេះឡើង គឺក្នុងគោលបំណង៖ -លើកយកមកបង្ហាញអំពីប្រវត្តិសាវតារនៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាគ្រឹះស្ថានមធ្យមសិក្សានៃពុទ្ធសាសនា ដំបូងគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩១៤ និងបន្តនិរន្តរភាពរហូតដល់បច្ចុប្បន្ន ដោយក្នុងស្នាដៃនេះបានរំលេចយ៉ាងច្បាស់អំពីដំណើរវិវត្តនៃគ្រឹះស្ថានគ្រប់សម័យកា។ - ដើម្បីទុកជាឯកសារគោលសម្រាប់ចងក្រងប្រវត្តិពុទ្ធិកសិក្សានៅកម្ពុជានាពេលអនាគត ព្រោះពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ជាកំណើតដំបូង និងជាមជ្ឈមណ្ឌលកណ្តាលនៃពុទ្ធិកមធ្យមសិក្សានៅប្រទេសកម្ពុជា។ -ប្រមូលផ្តុំដោយកម្រងឯកសារ ព្រះឆាយាលក្ខណ៍ និងរូបភាពសម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេចព្រះរាជាគណៈ ថ្នាក់ដឹកនាំអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រទេស គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតគ្រប់សម័យកាល ជាពិសេស បានរួមបញ្ចូលព្រឹត្តិការណ៍នៃពិធីបុណ្យរំលឹកខួប ១១១ឆ្នាំ នៃគ្រឹះស្ថានពុទ្ធិកសិក្សានេះ ក្នុងស្នាដៃនេះផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានវេរប្រគេន និងថ្វាយសៀវភៅ និងបច្ច័យដែលជាសទ្ធាជ្រះថ្លារបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន១៩៨អង្គ/នាក់ និងវេរប្រគេនទេយ្យវត្ថុថ្វាយ ប្រគេន ទៀនព្រះវស្សាដល់ព្រះ សង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន៦វត្ត និងពុទ្ធមណ្ឌលវិប្សនាធុរៈផងដែរ៕


ដោយ៖ សួស សំរិត





