ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ ពលការិនីទៅពីកម្ពុជាធ្វើការនៅកូរ៉េ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៦ -- ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ ពលការិនី នៅព្រលានយន្តហោះអុីនឆន់។

នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងអនុព័ន្ធការងារអមស្ថានទូត បានទទួលស្វាគមន៍ និងសម្របសម្រួលជូនបងប្អូនពលករ-ពលការិនី ផ្នែកឧស្សាហកម្ម ដែលទើបមកដល់ប្រទេសកូរ៉េ នៅព្រលានយន្តហោះអុីនឆន់ដើម្បីទៅធ្វើការនៅក្នុងប្រទេសកូរ៉េ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តាំផ្ញើឱ្យបងប្អូនពលករ-ពលការិនី ខិតខំប្រឹងប្រែងបំពេញការងារ អត់ធ្មត់ ពង្រឹងភាសាកូរ៉េបន្ថែម ថែរក្សាសុខភាព និងអនុវត្តវិធានការសុវត្ថិភាពការងារឱ្យបានខ្ជាប់ខ្ជួន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជូនពរបងប្អូនគ្រប់រូបឱ្យជួបតែសំណាងល្អ មានសុខភាពល្អមាំមួន ជោគជ័យក្នុងការងារ និងធ្វើដំណើរទៅកាន់កន្លែងបំពេញការងារប្រកបដោយសុវត្ថិភាព៕


ដោយ៖ ប៊ុនរិទ្ធ





