ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ
AKPភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ និងឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពារជាតិ នាថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ២០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

ពិធីបើកការដ្ឋាននេះ មានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ ក្រុមការងារនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ។
ឯកឧត្តមបណ្ឌិតបានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។


ឯកឧត្តមបញ្ជាក់ថា ផ្លូវនេះ គឺជាចំណងដៃរបស់រាជរដ្ឋាភិបាលថ្មីស្រឡាងមួយទៀត តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីប្រើប្រាស់ក្នុងគោលដៅពហុបំណងបានគ្រប់រដូវកាល និងធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេស វាជាសសៃឈាមសេដ្ឋកិច្ច ក្នុងការតភ្ជាប់ធុរកិច្ចពីតំបន់មួយទៅតំបន់មួយ។ លើសពីនេះ ផ្លូវនេះនឹងផ្តល់នូវសក្តានុពល ដោយត្រង់ និងដោយប្រយោលពីផលប្រយោល ដូចជា ការធ្វើសមាហរណកម្មរវាងជនបទ និងទីក្រុង ការចំណាយលើថ្លៃដឹកជញ្ជូន និងពេលវេលាធ្វើដំណើរត្រូវបានកាត់បន្ថយ និងមានផាសុកភាព ជាពិសេសនឹង ចូលរួមចំណែកកាត់បន្ថយនិងលុបបំបាត់ភាពក្រីក្រ របស់ ប្រជាពលរដ្ឋ ។

ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ដោយ បាន ស្នើ សុំឱ្យពួកគាត់មេត្តាយោគយល់ អធ្យាស្រ័យ និងសហការជាមួយក្រុមការងារស្ថាបនា ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារខាងលើ៕ ដោយ៖ ពេជ្រ សំអឿន (ប្រភព ក្រសួងអភិវឌ្ឍន៍ជនបទ)





