ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលទិន្នន័យបឋមជំហានទី២
AKPភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ នេៈនៅទីស្ដីការក្រសួងបានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រមូលទិន្នន័យបឋមជំហានទី២ ដើម្បីរៀបចំផែនការមេលើការងារគ្រប់គ្រងធនធានទឹក។ កិច្ចប្រជុំនេះមានការចូលរួមផ្ទាល់ពីក្រុមការងារបច្ចេកទេស តំណាងមន្ត្រីនាយកដ្ឋានជំនាញ និងការចូលរួមតាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting) ពីតំណាងមន្ទីររាជធានី-ខេត្តទាំង២៥។
លោក Park Myung Kyu ប្រធានគ្រប់គ្រងគម្រោងនៃក្រុមហ៊ុនទីប្រឹក្សាជំនាញកូរ៉េ YOOSHIN បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការចុះប្រមូលទិន្នន័យនៅរាជធានី-ខេត្តចំនួន១១ រួមមាន៖ រាជធានីភ្នំពេញ កំពត កែប ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តប៉ៃលិន។ បទបង្ហាញនោះបានគូសបញ្ជាក់ពីសក្តានុពលក្នុងការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលមានស្រាប់ ព្រមទាំងការសាងសង់ថ្មីមួយចំនួន ដោយផ្អែកលើទិន្នន័យ និងបញ្ហាប្រឈមកន្លងមកដែលផ្តល់ដោយមន្ត្រីនៃមន្ទីរ ដើម្បីយកទៅដាក់បញ្ចូលជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំផែនការមេនាពេលខាងមុខ។


ក្រោយស្តាប់បទបង្ហាញ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំពិភាក្សាលើផែនការសកម្មភាពបន្តជាមួយភាគីកូរ៉េ ក្នុងការរៀបចំផែនការមេនេះ ព្រមទាំងបានថ្លែងកោតសរសើរដល់ក្រុមការងារ ទីប្រឹក្សា ភាគីពាក់ព័ន្ធ និងមន្ទីររាជធានី-ខេត្ត ដែលបានខិតខំប្រឹងប្រែងនាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមបានណែនាំដល់គ្រប់មន្ទីររាជធានី-ខេត្ត ត្រូវប្រមូលទិន្នន័យបន្ថែមលើចំណុចខ្វះខាត និងបញ្ហាប្រឈមនៃប្រព័ន្ធធារាសាស្ត្រមានសក្តានុពលដែលមិនទាន់ពេញលេញ (Incomplete System) និងតំបន់មានប្រភពទឹកសក្តានុពលតែមិនទាន់បានសាងសង់ ដើម្បីផ្តល់ជូនភាគីកូរ៉េសិក្សាបន្ថែម សំដៅធានាឱ្យផែនការមេនេះមានទឡ្ហិ៍ករណ៍ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងអាចប្រើប្រាស់ជាគោលផ្លូវការសម្រាប់ការអនុវត្តទៅថ្ងៃអនាគត។


ឯកឧត្តមរដ្ឋលេខាធិការ បានផ្តាំផ្ញើដល់គ្រប់នាយកដ្ឋានជំនាញ និងមន្ទីររាជធានី-ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួង អំពីស្ថានភាពអាកាសធាតុ ឧតុនិយម និងជលសាស្ត្រ ជាពិសេសការវិវត្តនៃស្ថានភាពព្យុះដែលអាចកើតមានក្នុងរដូវវស្សានេះ ព្រមទាំងព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យធនធានទឹក និងឧតុនិយម៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព :ក្រសួងធនធានទឹកនិងឧតុនិយម)





