គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីចាំជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង
AKP ព្រះសីហនុ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--បើតាមលោក អ៊ី ធារិន អភិបាល នៃគណៈអភិបាលស្រុកព្រៃនប់បានឱ្យដឹងថា កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលស្រុក បានត្រៀមកម្លាំងរួចជាស្រេច ក្នុងការចុះជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុប្រសិនបើភ្លៀងនៅតែបន្តធ្លាក់ឥតឈប់ឈរ ។
ខណៈភ្លៀងបានបង្អោរធ្លាក់ជាប់ៗគ្នារយៈពេល២ថ្ងៃមកនេះ គឺចាប់ពីថ្ងៃអាទិត្យមក ជាពិសេសកងកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានត្រៀមអូប័រប្រភេទតូចៗត្រៀមរួចរាល់សម្រាប់ចុះជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់គ្រោះថ្នាក់បាត់បង់អាយុជីវិត ដោយសារជំនន់ទឹកភ្លៀងនោះទេ ជាពិសេសថែមទៀតនោះ គឺមនុស្សចាស់ជរា និងកូនក្មេង។


លោកអភិបាលស្រុកបានបន្តថា ដើម្បីធានាសុវត្ថិភាព និងត្រៀមបង្ការទប់ទល់នឹងស្ថានភាពអាកាសធាតុ គណៈបញ្ជាការឯក ភាពរដ្ឋបាលស្រុកព្រៃនប់បានចាត់តាំងរៀបចំ ដើម្បីត្រៀមលក្ខណៈរួចជាស្រេច មានទាំងកម្លាំងអន្តរាគមន៍ សម្ភារ និងមធ្យោបាយដឹកជញ្ជូនសង្គ្រោះប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព ៕


ដោយ ងូ សុមុនី





