មកដល់ពេលនេះ អ្នកទេសចរជាប់នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់នោះត្រូវបានជម្លៀសមកកាន់ទីតាំងសុវត្តិភាពអស់ហើយ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--គិតមកដល់ពេលនេះ មន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋនៅតាមសហគមន៍ បានចុះជួយអន្តរាគមន៍ និងជម្លៀសអ្នកទេសចរណ៍នៅតំបន់ភ្នំខ្នងផ្សារជាង៥០០នាក់ មកកាន់ទីតាំងមានសុវត្ថិភាពអស់ហើយ។នេះបើតាមការបញ្ជាក់ពីសំណាក់ក្រសួងបរិស្ថាន។

បើតាមក្រសួងបរិស្ថានបានឱ្យដឹងថា គិតរហូតមកទល់វេលាថ្ងៃត្រង់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ អ្នកទេសចរណ៍ចំនួន ៥៥១នាក់ ដែលជាប់គាំងដោយសារជំនន់ទឹកភ្លៀងនៅលើភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺនោះ ត្រូវបានក្រុមការងាររួមមានមន្ត្រីឧទ្យានុរក្សក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍បានជួយសម្រួល និងបានជម្លៀសមកដល់ទីតាំងសុវត្ថិភាព នៅភូមិតាំងបំពង់ ចេញឆ្ងាយពីតំបន់ដែលរងគ្រោះដោយជំនន់ ទឹកភ្លៀងកាលពីចុងសប្តាហ៍កន្លងមកនេះ។ ក្រុមការងារបានជួយសម្រួលរៀបចំផ្តល់ជូនសម្ភារៈស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យជាបណ្ណោះអាសន្ន ជូនពួកគាត់ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ឯកឧត្តមនិងមន្រ្តីក្រសួងបរិស្ថាន បានតាមដានយ៉ាងយកចិត្តទុកដាក់លើករណីគ្រោះមហន្តរាយធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ។ នៅព្រឹកថ្ងៃនេះ ឯកឧត្តមរដ្ឋមន្រ្តី បានណែនាំឱ្យ មន្ត្រីជំនាញក្រសួងបរិស្ថាន បន្តសហការល្អថែមទៀត ជាមួយអាជ្ញធរពាក់ព័ន្ធ ធ្វើការជួយសង្រ្គោះនិងជម្លៀសប្រជាពលរដ្ឋ និងអ្នកទេសចរណ៍ នៅតំបន់ភ្នំខ្នងផ្សា ឱ្យមានសុវត្ថិភាពទាំងអស់។

គួរបញ្ជាក់ផងដែរថា កន្លងមកនេះ ក្រសួងបរិស្ថាន បានសហការជាមួយដៃគូពាក់ព័ន្ធ បានពង្រឹងការងារជំនាញសង្រ្គោះបឋម ដល់សហគមន៍ និងបង្កើនកិច្ចសហប្រតិបត្តិការល្អ ក្នុងការត្រៀមបង្ការ ការពារអាយុជីវិត ប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងការត្រៀមបង្ការ សង្រ្គោះបន្ទាន់ករណីមានគ្រោះអាសន្នកើតឡើងនៅតាមតំបន់ការពារ៕

ដោយ មករា





