ឧត្តមសេនីយ៍ត្រី មាស យ៉ត អញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើកងរាជអាវុធហត្ថ
AKP កំពង់ធំ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦--លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថកំពង់ធំ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាលជាមួយនិវត្តជន ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៦) នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ នៃកងរាជអាវុធហត្ថសរុបចំនួន៦៣នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈចំនួន៣០នាក់។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈ និងថែទាំសុខភាពជាដើម។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការបានលើកឡើងបន្តថា ការចុះជួយនិងសួរសុខទុក្ខមិនចំពោះតែយោធិនសោធននិវត្តន៍ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានជូនពរដល់បងប្អូនជាយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ សូមជួបប្រទះពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្ល្លៀតឡើយ និងបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ទាំង៣០នាក់ ក្នុងម្នាក់ទទួលបាន អង្ករ០១បេតូច ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ទឹកសុទ្ធ០១កេស មីជាតិ០១កេស និងថវិកា១០ម៉ឺនរៀល៕


ដោយ ស៊ុម វណ្ណា





