ឯកឧត្តម នួន ផារ័ត្ន និងលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីលែងកូនត្រីចម្រុះចំនួន៣៦ម៉ឺនក្បាលនៅអាង ទឹក១មករាស្រុកសន្ទុក
AKP កំពង់ធំ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ --ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំនិងលោកជំទាវ បានអញ្ជើញជាអធិបតីនៅក្នុងពិធីលែងត្រីមេពូជ កូនត្រី និងកូនបង្កង ចំនួន ៣៦ម៉ឺនក្បាលដើម្បីចូលរួមអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៦ ថ្នាក់ខេត្ត។វិធីនេះត្រូវបានសហការរៀបចំដោយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ និងអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD)នៅអាងទឹក១មករា ភូមិស្មោ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំនាព្រឹកថ្ងៃសៅរ៍ទី១១ ខែកក្កដា ឆ្នាំ២០២៦។

លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានលើកឡើងថា ពិធីលែងកូនត្រីចម្រុះនៅថ្ងៃនេះគឺត្រូវលែងចូលក្នុងបរិវេណអាងទឹក១មករា សម្រាប់បង្កើនផលត្រីនៅទីនេះឱ្យសំបូរឡើងវិញដើម្បីទុកជាប្រយោជន៍ជូនបងប្អូននៅទីនេះប្រើ ប្រាស់ រក្សាទុកនូវត្រីមេពូជ សម្រាប់បន្តពូជ និងទាក់ទាញភ្ញៀវទេសចរណ៍។ជលផលគឺជាអនុវិស័យធំទី២ បន្ទាប់ពីអនុវិស័យដំណាំ ជាម្ហូបអាហារចាំបាច់ដែលយើងមិនអាចខ្វះបាន។ជាមួយនេះដែរ លោកប្រធានមន្ទីរបានអំពាវនាវឱ្យប្រជាពលរដ្ឋ អាជ្ញាធរដែនដីចូលរួមថែរក្សាការពារធនធានជលផល ទប់ស្កាត់បទល្មើសផ្សេងៗដែលច្បាប់ហាមឃាត់ដូចជា ឆក់ត្រី ស្បៃមុង ដូចពាក្យថា(ធនធានជលផលជារបស់យើងទាំងអស់គ្នា យើងចិញ្ចឹមត្រី ត្រីចិញ្ចឹមយើង)។


ឯកឧត្តម នួន ផារ័ត្នបានមានប្រសាសន៍ថាកំណើនប្រជាពលរដ្ឋក៏ដូចជាកំណើនប្រជានេសាទដែលរស់នៅជុំវិញបឹងទន្លេសាបមានការកើនឡើងយ៉ាងឆាប់រហ័ស បានដាក់សម្ពាធយ៉ាងធ្ងន់បន្ថែមទៀត ធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់ធនធានជលផលនិងធនធានធម្មជាតិផ្សេងៗទៀតដែលស្ថិតនៅតែជាឧបសគ្គចម្បងក្នុងការធ្វើឱ្យបានសម្រេចតាមផែនការប្រើប្រាស់ អភិវឌ្ឍធនធានជលផលនិងធនធានធម្មជាតិដទៃទៀត ប្រកបដោយចីរភាព។


ក្នុងឱកាសនោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានផ្តល់នូវអនុសាសន៍មួយចំនួនគឺ៖១.ខណ្ឌរដ្ឋបាលជលផលកំពង់ធំត្រូវបន្តការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធនឹងវិស័យជលផលឱ្យបានទូលំទូលាយ និងស៊ីជម្រៅ។ ២.ត្រូវបំផុស ការអភិវឌ្ឍវាវីវប្បកម្ម ត្រូវជំរុញការបង្កាត់ផ្លាស់ពូជត្រី ដើម្បីចែកជូនប្រជាពលរដ្ឋចិញ្ចឹម និងការយកចិត្តទុកដាក់ជួយពង្រឹងការច្នៃជលផលប្រកបដោយគុណភាព។ ៣.ត្រូវខិតខំពង្រឹងសមត្ថភាពដល់សហគមន៍នេសាទដែលបានបង្កើតឡើងរួចហើយឱ្យបានរឹងមាំ ដើម្បីក្លាយជាសហគមន៍នេសាទដែលគ្មានបទល្មើសជលផល។ ៤.ត្រូវថែរក្សាបង្គោលព្រំប្រទល់កន្លែងអភិរក្សដែលបានបោះរួចឱ្យបានល្អព្រមទាំងធ្វើសកម្មភាពការពារគ្រប់គ្រងកន្លែងអភិរក្សជលផល ប្រកបដោយប្រសិទ្ធភាព។ ៥.អាជ្ញាធរស្រុក/ឃុំ ដែលមានព្រៃលិចទឹកនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតបន្ថែមទៀតចំពោះជនល្មើសបំផ្លាញព្រៃលិចទឹក និងការពារព្រៃលិចទឹកឱ្យបានគង់វង្ស។ ៦.ខណ្ឌរដ្ឋបាលជលផល ត្រូវបន្តដាំព្រៃលិចទឹកឱ្យបានច្រើនលើដីត្រូវបានដកហូតពីការទន្ទ្រាន ដើម្បីស្តារព្រៃលិចទឹកឡើងវិញនិងបន្តការងារស្នើសុំចុះបញ្ជីដីរដ្ឋ៕ដោយ៖ ស៊ុម វណ្ណា





