ដាំដើមឈើជិត ៥០០ដើម ដើម្បីបង្កើតឧទ្យាន «មាតាមនុស្សធម៌» នៅខេត្តស្ទឹងត្រែង និងអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦
AKP ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦--កាកបាទក្រហមកម្ពុជា ដាំដើមឈើជិត ៥០០ដើម បង្កើតឧទ្យាន «មាតាមនុស្សធម៌» នៅខេត្តស្ទឹងត្រែង និងអបអរសាទរ រុក្ខទិវា ៩ កក្កដា ២០២៦ ក្រោមប្រធានបទ «ព្រៃឈើ ជាអនាគតនៃមនុស្សជាតិ»


នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ កាកបាទក្រហមកម្ពុជា បានរៀបចំយុទ្ធនាការដាំដើមឈើចំនួន ៤៧៤ដើម នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដើម្បីឆ្ពោះទៅការបង្កើតឧទ្យាន «មាតាមនុស្សធម៌» លើផ្ទៃដីប្រមាណ ៨០ហិចតា។ យុទ្ធនាការនេះធ្វើឡើងដើម្បីអបអរសាទ រុក្ខទិវា ៩ កក្កដា ២០២៦ ក្រោមប្រធានបទ «ព្រៃឈើ ជាអនាគតនៃមនុស្សជាតិ»។ដែលមាន លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដឹកនាំ។

ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះក៏មានការចូលរួមពី ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខា ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្ត្រីទីស្នាក់ការកណ្តាល មន្ត្រីប្រតិបត្តិសាខា ខេត្តព្រះសីហនុ ក្រចេះ ព្រះវិហារ កំពង់ធំ រតនគិរី ខេត្តមណ្ឌលគិរី អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មន្ទីរជុំវិញខេត្ត កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណជាង ១០០០នាក់៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





