ឯកឧត្តម គង់ វិបុល ស្នើរឲ្យការផ្តល់សេវាវិស័យដីធ្លីក្នុងខេត្តសៀមរាបក្លាយជាគំរូនៃភាពជោគជ័យ
AKPសៀមរាបថ្ងៃទី ១០កក្កដា ឆ្នាំ២០២៦ – ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដាររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាពច្រកចេញចូលតែមួយខេត្ត សាខាពន្ធដារខេត្ត មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ត្រូវសហាការគ្នាធ្វើយ៉ាងណាឲ្យលំហូរឯកសារដីធ្លីរបស់ប្រជា ពលរដ្ឋបានយ៉ាងល្អប្រសើរ ត្រូវចាត់ទុកបញ្ហារបស់ប្រជាពលរដ្ឋ ជាបញ្ហារបស់ខ្លួនដែលត្រូវតែដោះស្រាយឲ្យខានតែបាន ក្នុងស្មារតីរួបរួមសហការគ្នា ប្រកបដោយភាពប្រទាក់ក្រឡា និងស៊ីសង្វាក់ ស្របតាមអភិក្រម«ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»សំដៅធ្វើយ៉ាងណាឲ្យការផ្តល់សេវាវិស័យដីធ្លីក្នុងខេត្តសៀមរាប ក្លាយជាគំរូនៃភាពជោគជ័យ។

ការណែនាំខាងលើនេះត្រូវបានធ្វើឡើងក្នុងខណះដែលឯកឧត្តម គង់ វិបុល បានអញ្ជើញ ចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ដោះស្រាយ និងពន្លឿនលំហូរឯកសារវិស័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលបានបើកកិច្ចប្រជុំនៅសាលប្រជុំសាលាខេត្តសៀមរាប នាថ្ងៃ១១រោចខែប.សាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ១០ខែកក្កដាឆ្នាំ២០២៦នេះ។

នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម គង់ វិបុល បានលើកឡើងថា ការដោះស្រាយបញ្ហាប្រឈម ដោយស្វែងរកយន្តការរួមមួយរវាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត និងសាខាពន្ធដារខេត្ត ព្រមទាំងការិយាល័យភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញដែលមិនចាំបាច់ និងពន្លឿនលំហូរឯកសារ ដោយដាក់ចេញនូវវិធានការមុតស្រួច និងយន្តការច្បាស់លាស់ ដើម្បីធានាថា ឯកសារនីមួយៗហូរស្របតាមកាលបរិច្ឆេទកំណត់ និងមិនមានការកកស្ទះនៅមន្ត្រីណាម្នាក់ឡើយ។

ឯកឧត្តម គង់ វិបុល បានអោយដឹងផងដែរថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមបាវចនា “ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព” និងអាទិភាពគន្លឹះ៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ព្រមទាំងបន្តជម្រុញការអនុវត្តគោលនយោបាយ កំណែទម្រង់នានា ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងគោលដៅលើកកម្ពស់គុណភាព តម្លាភាពនិងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមអភិក្រម (ការបម្រើសេវាសាធារណៈល្អ ប្រជាជនស្រឡាញ់)៕
ដោយ៖ ហង្ស សៀក





