លោកជំទាវពុំចន្ទីនី អញ្ជើញចុះសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដាឆ្នាំ២០២៦ -- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយ ឯកឧត្តម ផៃ ប៊ុនឈឿន ប្រធានកិត្តិយសសាខា ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខា ព្រមទាំងថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្រុមការងារឥស្សរជនឆ្នើមនៃទីស្នាក់ការកណ្តាលនិងសាខានារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកផ្ទុកមេរោគអេដស៍ចំនួន ៥០នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង ក្រោមប្រធានបទ «សារៈសំខាន់នៃការលេបថ្នាំត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នាំមកនូវ ម=ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ)»។

លោកជំទាវអគ្គលេខាធិការ បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយគ្នានេះ ក្រុមការងារក៏បានជំរុញឱ្យអ្នកផ្ទុកមេរោគអេដស៍ទាំងអស់៖ យកចិត្តទុកដាក់ថែទាំសុខភាព និងលេបថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់។ ការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺមិនឆ្លង និងចូលរួមផ្សព្វផ្សាយបន្តនៅក្នុងសហគមន៍។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឱ្យបានយ៉ាងតិច ៤ដង និងធ្វើតេស្តឈាមរកមេរោគអេដស៍ និងស្វាយ ដើម្បីបង្ការការឆ្លងពីម្តាយទៅកូន។

ដើម្បីសម្រាលជីវភាពរស់នៅ អ្នកផ្ទុកមេរោគអេដស៍ទាំង ៥០នាក់ ក៏ទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ, ទឹកបរិសុទ្ធ ១កេស, ទឹកដោះគោប្រអប់ ១កេស, ឃីត១កញ្ចប់ និងថវិកាចំនួន ៥០,០០០រៀល៕

ដោយ ពេជ្រ សំអឿន(ប្រភព,កាកបាទក្រហមកម្ពុជា)





