ក្រសួងបរិស្ថានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្តដា ឆ្នាំ២០២៦---
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិប តីភាពបើកពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។
ព្រឹត្តិការណ៍ពិសេសជាប្រវត្តិសាស្រ្តនាពេលនេះ បានប្រព្រឹត្តទៅ ក្រោមព្រះវត្តមានសម្តេចព្រះឧត្តមវង្សា គូ សុភាព គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងវត្តមាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន រួមជាមួយ ថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាលកម្ពុជា តំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ ដៃសហការ សមាគម អង្គការសង្គមស៊ីវិល ព្រះសង្ឃ សហគមន៍តំបន់ការពារធម្មជាតិ វិស័យឯកជន យុវជន និងសិស្សានុសិស្សជាច្រើននាក់។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ថ្ងៃនេះ យើងមិនត្រឹមតែជួបជុំគ្នាដើម្បីបើកពិព័រណ៍ «ពន្លកបៃតង» ប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងរួមគ្នាប្រកាសចាប់ផ្តើម ចលនាជាតិមួយ ដែលមានគោលបំណងលើកកម្ព ស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការការពារ និងស្ដារធនធានធម្មជាតិ។ «ពន្លកបៃតង» គឺជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ និងការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជំរុញចលនាបៃតងយ៉ាងខ្លាំងក្លា ដោយចាត់ទុកពិព័រណ៍ «ពន្លកបៃតង» គឺជាបេសកកម្មជាតិដ៏មានគុណតម្លៃខ្ពស់បំផុត ក្នុងការបណ្តុះស្មារតីស្រឡាញ់បរិស្ថាន ធម្មជាតិ និងព្រៃ ឈើ។ សកម្មភាពនេះមានគោលបំណងពង្រីកគម្របបៃតងឆ្លើយតបនឹងការប្រែ ប្រួលអាកាសធាតុ តាមរយៈការតាំងពិព័ រណ៍កូនឈើ និងយុទ្ធនាការដាំដើមត្នោតចំនួន ១លានដើម ដើម្បីលើកកម្ពស់អត្តសញ្ញាណជាតិ និងបរិស្ថាន។ មានប្រសាសន៍បន្ថែមឯកឧត្តមឧបនាយករដ្ឋមន្រ្តី។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានថ្លែងកោតសរសើរចំពោះការផ្តួចផ្តើមយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលមានគោលដៅពង្រីកគម្របព្រៃឈើ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកា សធាតុ និងបង្កើតទ្រព្យសម្បត្តិធម្មជាតិសម្រាប់ជំនាន់ក្រោយ ហើយការចូលរួមចលនាបៃតងត្រូវស្តែងឡើងតាមរយៈសកម្មភាពជាក់ស្តែង ដូចជាការទទួលកូនឈើដាំដោយផ្ទាល់។


សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានរៀបចំចែកកូនឈើចម្រុះប្រមាណ ៥លានដើម ដោយឥតគិតថ្លៃជូនដល់សាធារណជននៅក្នុងឆ្នាំ២០២៦។ ពិព័រណ៍ផ្សព្វផ្សាយ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ ដាំដើមត្នោតមួយលានដើម ឆ្នាំ២០២៦ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណខាងមុខទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ មានការដាក់តាំងពិព័រណ៍កូនឈើ និងនិងចែកកូនឈើ នៅតាមស្តង់នីមួយៗ ដែលរៀបចំដោយក្រសួងបរិស្ថាន ពិសេស អគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានទាំង២៥ រាជធានីខេត្ត ទូទាំងប្រទេស ការចូលរួមពី ក្រុមការងារយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហម យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្រុមកាយរិទ្ធិ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ចលនាភូមិមួយផលិត- ផលមួយ បងប្អូនប្រជាសហគមន៍តំបន់កាពារធម្មជាតិ។


លើសពីនេះ ក្រសួងបរិស្ថាន ក៏មានការដាក់តាំងពិព័រណ៍រថយន្ត និងម៉ូតូអគ្គីសនី សំដៅលើកទឹកចិត្តសាធារណជនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរប្រភេទនេះ ដើម្បីរួមចំណែកកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិស្ថាន បង្កើនភាពស្អាតក្នុងទីក្រុង និងគាំទ្រចក្ខុវិស័យ កម្ពុជាឆ្នាំ២០៥០ ជាប្រទេសអព្យាក្រឹត្យកាបូន៕
ដោយ៖ ប៊ុនរិទ្ធ





