ឯកឧត្តមអ៊ុង សម្បត្តិជួបពិភាក្សាការងារជាមួយប្រធានផ្នែកសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិប្រចាំកម្ពុជា(OHCHR)
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ និងជាសមាជិកអចិន្រ្តៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការបានជួបពិភាក្សាការងារជាមួយលោក អាណាន់ បាហាឌួរ ចន្ទ ប្រធានផ្នែកសិទ្ធិមនុស្សនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។

ក្នុងឱកាសនៃជំនួបនេះ លោក អាណាន់ បាហាឌួរ ចន្ទ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាកន្លងមក ហើយក៏បានកោតសរសើរកម្ពុជាដែលបានដាក់របាយការណ៍ដំបូងស្តីពីការអនុវត្តន៍អនុសញ្ញាស្តីពីសិទ្ធជនពិការនៅកម្ពុជាជូនឱ្យអង្គការសហប្រជាជាតិ។

ជាការឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ អ៊ុង សម្បត្តិ បានថ្លែងអំណរគុណដល់ OHCHR ដែលបានផ្តល់ការគាំទ្រក្នុងត្រីមាសទី១ និងទី២ កន្លងមក។ ឯកឧត្តមបានស្នើឱ្យពិនិត្យផែនការសកម្មភាពបន្តក្នុងត្រីមាសទី៣ និងរៀបចំឱ្យទៅជាផែនការសហប្រតិបត្តិការផងដែរ ៕

ដោយ ណយ នឿន (ប្រភព៖សកម្មភាពជនពិការ)





