ឯកឧត្តម អ៊ុន ចាន់ដា៖ កីឡានាំមកនូវសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត
AKP កំពង់ចាម ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ក្នុងពិធីបើកការប្រកួតកីឡាមហាជនពានរង្វាន់ថ្នាក់ខេត្ត ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា កីឡាដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត។ វិស័យកីឡាពិតជាដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងសុខភាពផ្លូវកាយរឹងមាំ រួមទាំងបានលើកកម្ពស់សុខភាពផ្លូវចិត្ត កាត់បន្ថយភាពតានតឹងអារម្មណ៍ក្នុងខ្លួនព្រមទាំងបានលើកកម្ពស់គុណភាពជីវិតប្រកបដោយសេចក្តីសុខ ទាំងកាយនិងចិត្តរបស់យើងម្នាក់ៗ ក៏ជាសុភមង្គលក្នុងក្រុមគ្រួសារផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ការលេងកីឡា ពិតជាបានរួមចំណែកយ៉ាងខ្លាំងដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាពពលកម្ម។ កីឡាគឺជាឧសថដ៏សំខាន់សម្រាប់ព្យាបាលផ្នែកសុខភាព ដែលជាទ្រព្យសម្បត្តិដ៏ប្រពៃរបស់មនុស្សយើង។ កីឡាផ្តល់នូវសម្បត្តិ៤យ៉ាងគឺ៖ ទី១.សម្បត្តិផ្លូវកាយ, ទី២.សម្បត្តិបញ្ញា, ទី៣.សម្បត្តិសីលធម៌ និង៤. សម្បត្តិសុខភាពជាទ្រព្យដ៏សំខាន់ ទើបឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយភាពធន់ និងចីរភាព។

ឯកឧត្តម អ៊ុន ចាន់ដា ក៏បានផ្តាំផ្ញើដល់ក្រុមកីឡាករ កីឡាការិនី យុវជន យុវនារី និងសិស្សានុសិស្សទាំងអស់ត្រូវយកពេលវេលាទំនេរពីការសិក្សា ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដើម្បីសុខភាព។ ត្រូវចៀសឱ្យឆ្ងាយពីការប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ សូមក្មួយៗកុំចង់សាក កុំចង់ភ្លក់ឱ្យសោះ គ្រឿងញៀនជាឃាតករ គ្រឿងញៀនមិនត្រឹមតែបំផ្លាញអនាគតរបស់ក្មួយៗប៉ុណ្ណោះទេ វានឹងបំផ្លាញគ្រួសារ មិត្តភក្តិ និងសង្គមជាតិទាំងមូលផងដែរ។ អាជ្ញាធរ រដ្ឋបាលក្រុង ស្រុកត្រូវបង្កើនសកម្មភាពកីឡាឱ្យបានផុសផុល ការហាត់ប្រាណដើម្បីថែរក្សាសុខភាព៕


ដោយ៖ឆាយ ម៉ុត





