ខេត្តបន្ទាយមានជ័យ ពង្រឹងសមត្ថភាពមន្ត្រីមូលដ្ឋានលើ «ការងារគណនេយ្យភាពសង្គម» ដើម្បីឆ្លើយតបតម្រូវការប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព
AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ការពង្រឹងតម្លាភាព គណនេយ្យភាព និងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ នៅតែជាអាទិភាពចម្បងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ។ ជាក់ស្តែង នៅព្រឹកថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបានរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី «ការអនុវត្តការងារគណនេយ្យភាពសង្គម» ជូនដល់មន្ត្រីគោលដៅនៃរដ្ឋបាលស្រុកចំនួន ៥ និងរដ្ឋបាលឃុំចំនួន ៤២ ឃុំ សរុបចំនួន ៤៧ មូលដ្ឋាន ក្នុងគោលបំណងពង្រឹងសមត្ថភាពបន្ថែមដល់មន្ត្រីថ្នាក់ក្រោមជាតិ។

ពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំធំ សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីលោកស្រីនាយករងរដ្ឋបាលខេត្ត តំណាងអភិបាលស្រុកទាំង៥ មេឃុំ ស្មៀនឃុំ និងជំនួយការឃុំជាច្រើនរូបផងដែរ។
នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនោះ លោក លី សុវណ្ណារិទ្ធ បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាននៃ «គណនេយ្យភាពសង្គម» នៅក្នុងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល។ លោកអភិបាលរងខេត្ត បានមានប្រសាសន៍ណែនាំ និងក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ថា ការអនុវត្តការងារគណនេយ្យភាពសង្គម មិនមែនគ្រាន់តែជាកាតព្វកិច្ចតាមតួនាទីនោះទេ ប៉ុន្តែវាជាស្ពានចម្លងដ៏សំខាន់ក្នុងការកសាងទំនុកចិត្តរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន។ មន្ត្រីរដ្ឋបាលស្រុក និងឃុំ គឺជាអ្នកដែលនៅកៀកជិតប្រជាពលរដ្ឋជាងគេ ដូចនេះត្រូវតែយល់ដឹងឱ្យបានច្បាស់លាស់ ហ្មត់ចត់ និងមានភាពម្ចាស់ការខ្ពស់ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយតម្លាភាព និងសមធម៌។

លោក លី សុវណ្ណារិទ្ធ ក៏បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលរំលឹកឡើងវិញនាពេលនេះ គឺជាឱកាសមាសសម្រាប់មន្ត្រីទាំងអស់ក្នុងការបំពេញបន្ថែមនូវចំណុចខ្វះខាត បញ្ជ្រាបចំណេះដឹងថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីយកទៅអនុវត្តន៍ផ្ទាល់នៅក្នុងមូលដ្ឋានរៀងៗខ្លួន ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹក និងពង្រឹងយន្តការគណនេយ្យភាពសង្គមនៅថ្នាក់ក្រោមជាតិ ដែលជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់គុណភាពជីវិត និងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព៕
ដោយ៖ ឈុន សារ៉ាត





