ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងសំរោង ដឹកនាំក្រុមការងារ បន្តចុះប្រជុំណែនាំបច្ចេកទេសមណ្ឌលកំណែ នៃសម័យប្រឡងឌីប្លូម
AKP ឧត្តរមានជ័យ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦--ការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងសំរោង ដឹកនាំក្រុមការងារ បន្តចុះប្រជុំណែនាំបច្ចេកទេសមណ្ឌលកំណែ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៦ នៅមណ្ឌលប្រមូលផ្តុំវិទ្យាល័យតេជោសែនសំរោង

លោក ប្លុង កូយ ប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងសំរោង រួមជាមួយលោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញ នាថ្ងៃព្រហស្បតិ៍ទី០៩ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញចុះទៅកាន់មណ្ឌលប្រមូលផ្តុំវិទ្យាល័យតេជោសែនសំរោង ដើមី្បបន្តដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសមណ្ឌលកំណែ នៃសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំ២០២៦។ លោក ប្លុង កូយ បានលើកឡើងថា ការធានាឱ្យបាននូវភាពត្រឹមត្រូវ យុត្តិធម៌ សុក្រឹតភាព និងតម្លាភាព ក្នុងដំណើរការកែសន្លឹកកិច្ចការរបស់បេក្ខជនសិស្សានុសិស្ស ជាកិច្ចការងារបច្ចេកទេសអប់រំដ៏មានសារៈសំខាន់បំផុត ។

លោកបានបន្តថា កិច្ចប្រជុំតម្រង់ទិសបច្ចេកទេសនេះ ធ្វើឡើងក្នុងគោលបំណងណែនាំ បែងចែកភារកិច្ច និងពង្រឹងបទបញ្ជាផ្ទៃក្នុង ព្រមទាំងដាក់ចេញនូវទម្រង់បច្ចេកទេសគន្លឹះៗ ដល់គណៈកម្មការគ្រូកំណែទាំងអស់ ដើមី្បរួមគ្នាបំពេញភារកិច្ចកែសន្លឹកកិច្ចការរបស់បេក្ខជន ឱ្យប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវតាមស្តង់ដារការិយាល័យជំនាញ និងគោលការណ៍ណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោកប្រធានការិយាល័យ ក៏បានសម្តែងនូវការកោតសរសើរចំពោះស្មារតីទទួលខុសត្រូវរបស់លោកគ្រូ-អ្នកគ្រូទាំងអស់ ព្រមទាំងបានណែនាំឱ្យគណៈកម្មការគ្រូកំណែគ្រប់រូប ត្រូវយកចិត្តទុកដាក់ខ្ពស់ ពិនិត្យពិន្ទុឱ្យបានម៉ត់ចត់បំផុត ដើមី្បធានាបាននូវភាពស្អាតស្អំ និងយុត្តិធម៌ ជូនក្មួយៗសិស្សានុសិស្សទូទាំងក្រុងសំរោង៕

ដោយ៖ ទិត ស្រ៊





