រុស្ស៊ីហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមលោក អាឡិចសាន់ដឺ ណូវ៉ាក់ (Alexander Novak) ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បានមានប្រសាសន៍កាលពីថ្ងៃពុធថា រុស្ស៊ីបានដាក់ចេញនូវការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតដើម្បីជំរុញការផ្គត់ផ្គង់ក្នុងស្រុក។
លោក ណូវ៉ាក់ បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ថា «យើងបានដាក់ចេញការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ដែលនឹងធ្វើឱ្យវាអាចធ្វើទៅបានដើម្បីបង្កើនការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក»។
រដ្ឋាភិបាលរុស្ស៊ីក៏បានប្រកាសផងដែរថា ខ្លួនបានពង្រីកការហាមឃាត់នៃការនាំចេញប្រេងម៉ាស៊ូតបណ្តោះអាសន្នទៅកាន់ក្រុមហ៊ុនផលិតប្រេងឥន្ធនៈ។ វិធានការនេះមិនអនុវត្តន៍ចំពោះការដឹកជញ្ជូនក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលទេ។
លោក ណូវ៉ាក់ បានកត់សម្គាល់ថា រុស្ស៊ីនឹងចាប់ផ្តើមនាំចូលផលិតផលប្រេងឥន្ធនៈនៅក្នុងខែកក្កដា ដើម្បីធ្វើឱ្យទីផ្សារប្រេងឥន្ធនៈរបស់ប្រទេសមានស្ថិរភាព។ លោកបានមានប្រសាសន៍ថា «យើងក៏នឹងចាប់ផ្តើមនាំចូលផលិតផលប្រេងឥន្ធនៈនៅក្នុងខែកក្កដា និងបង្កើនបរិមាណទិន្នផលបន្ថែមដោយប្រើផលិតផលប្រេងឥន្ធនៈដែលមានថ្នាក់បរិស្ថានទាប»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





