កិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ផែនការយុទ្ធសាស្ដ្រនេះនឹងក្លាយជាផែនទីបង្ហាញផ្លូវ សម្រាប់គ្រប់ភាគីពាក់ព័ន្ធអាចចូលរួមអនុវត្ត ក្នុងគោលបំណងកែលម្អលក្ខខណ្ឌនៃការរស់នៅ និងបរិស្ថានសហគមន៍ជនបទឱ្យបានល្អប្រសើរ តាមរយៈការផ្ដល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទទាំងកម្រិតមូលដ្ឋាន និងកម្រិតគ្រប់គ្រងប្រកបដោយសុវត្ថិភាព មានសមធម៌ បរិយាបន្ន ភាពធន់ និងនិរន្ដរភាព។

ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងចុងក្រោយ “ផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ឆ្នាំ២០២៦-២០៣៣”។ នាព្រឹកថ្ងៃព្រហស្បតិ៍ទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង។ កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។

អង្គប្រជុំបានពិនិត្យ និងពិភាក្សាយ៉ាងល្អិតល្អន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដែលក្រុមការងារចំពោះកិច្ចបានរៀបចំ ព្រមទាំងបានចូលរួមផ្ដល់ជាធាតុចូល ដើម្បីធ្វើការកែសម្រួលចំណុចខ្វះខាតដែលធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយអាចអនុវត្តសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់។ ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះអង្គប្រជុំ និងក្រុមការងារចំពោះកិច្ច ដែលបានខិតខំរៀបចំសេចក្តីព្រាងឯកសារដ៏មានសារៈសំខាន់នេះឡើង៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





