អភិបាលខេត្តតាកែវអញ្ជើញចុះអប់រំផ្សព្វផ្សាយនូវវិធានការនានា ដើម្បីបង្ការពីជំងឺគ្រុនឈាម
AKP តាកែវ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំយុទ្ធនាការអប់រំផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់ ដោយដាក់ថ្នាំអាល់បែត (Albate) សម្លាប់ដង្កូវទឹក បាញ់ថ្នាំសម្លាប់មូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងដូនកែវ ដោយចូលរួមពីអភិបាលរងខេត្តតាកែវ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចំណុះរដ្ឋបាលក្រុងដូនកែវ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ។ ពិធីនេះរៀបចំឡើងនៅក្នុងបរិវេណវត្តស្លែង ស្ថិតនៅក្នុងភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង បានបញ្ជាក់ថា ចំពេលដែលរដូវវស្សាបានឈានចូលមកដល់ សកម្មភាពចុះអប់រំផ្សព្វផ្សាយ និងវិធានការកម្ចាត់ដង្កូវទឹក មូសខ្លានាពេលនេះ គឺជាវិធានការដ៏មានប្រសិទ្ធភាព និងទាន់ ពេលវេលាបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺគ្រុនឈាម សំដៅការពារ និងគិតគូរដល់សុខុមាលភាព របស់បងប្អូនប្រជាពលរដ្ឋជាចម្បង។

ឯកឧត្តមបានមានប្រសាសន៍បន្តថា ដើម្បីឱ្យយុទ្ធនាការនេះកាន់តែមានប្រសិទ្ធភាពខ្ពស់ និងអាចការពារសមាជិកគ្រួសារពីជំងឺគ្រុនឈាមបាន សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវវិធានការងាយៗ និងចាំបាច់មួយចំនួននៅតាមលំនៅឋាន។រួមមាន អាងទឹក ពាងទឹក ឬសម្ភារប្រើប្រាស់ផ្សេងៗ មានដាក់ទឹក ត្រូវមានគម្របបិទជិត និងត្រូវលាងសម្អាត ផ្លាស់ប្តូរទឹកឱ្យបានទៀងទាត់ យ៉ាងយូរ១ដងក្នុង១សប្តាហ៍ ឬដាក់ថ្នាំអាល់បែត និងលែងត្រីប្រាំពីរពណ៌ឱ្យស៊ីដង្កូវទឹក។រួមគ្នាប្រមូលកម្ទេច និងបំផ្លាញចោលនូវរាល់វត្ថុដក់ទឹកភ្លៀងនៅជុំវិញផ្ទះ ដូចជាសំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ឬត្រឡោកដូង ជាដើម ដើម្បីកុំឱ្យមានកន្លែងដក់ទឹក បង្កើតជាជម្រកមូសខ្លា។មួយវិញទៀតត្រូវស្លៀកពាក់ខោអាវដៃវែង ជើងវែង និងត្រូវគេងក្នុងមុងជានិច្ច ទាំងថ្ងៃ ទាំងយប់។

ឯកឧត្តម វ៉ី សំណាង បានរំលឹកដល់អាណាព្យាបាលទាំងអស់ ក្នុងករណីសង្កេតឃើញកូនចៅមានអាការៈក្ដៅខ្លួនខុសប្រក្រតី ត្រូវប្រញាប់រួសរាន់បញ្ជូនពួកគេទៅកាន់ប៉ុស្ដិ៍សុខភាព មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ ដោយមិនត្រូវទិញថ្នាំលេបឬព្យាបាលដោយខ្លួនឯងឡើយ។

ឯកឧត្តមអភិបាលខេត្តតាកែវបានថ្លែងអំណរគុណទុកជាមុនដល់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលនឹងត្រូវចូលរួមសហការគ្នាយ៉ាងសកម្ម ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលុបបំបាត់គ្រោះថ្នាក់នៃជំងឺគ្រុនឈាម ពីក្នុងសហគមន៍ខេត្តតាកែវ ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕
ដោយ អ៊ុច សៀង





