នៅឆ្នាំ២០៣០ នៅទូទាំងប្រទេសកម្ពុជានឹងមានទឹកស្អាតប្រើប្រាស់ ១០០ភាគរយ
AKP សៀមរាប ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយទឹកស្អាត របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជា ពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យបាន១០០% ក្នុងឆ្នាំ២០២៥ និងគោលដៅសហស្សវត្សរ៍ទឹកស្អាតជា សកលឱ្យបាន១០០% នៅឆ្នាំ២០៣០ ហើយការអនុវត្តផែនការនេះ ដោយឈរលើបុរេលក្ខខណ្ឌ ៤យ៉ាង គឺទឹកត្រូវតែមានគុណភាព សុវត្ថិភាព និរន្តរភាព និងមានតម្លៃសមរម្យ។

នេះជាការឱ្យដឹងពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ខណៈដែលឯកឧត្តមបានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងអគ្គនាយកថ្មីនៃរដ្ឋាករទឹកស្វយ័តខេត្តសៀមរាបអាណត្តិទី៧ ដែលបានធ្វើឡើងនៅរដ្ឋាករទឹក ស្វយ័តសៀមរាប នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោក សៀក ប៉េងគាង អគ្គនាយករង ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៧ ជំនួសលោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៦ ដែលត្រូវបានចូលនិវត្តន៍។ តាមរយៈបទពិសោធន៍យូរឆ្នាំរបស់អគ្គនាយកថ្មីនេះ ឯកឧត្តម ហែម វណ្ណឌី មានសុទិដ្ឋិនិយមថា នឹងបន្តអភិវឌ្ឍន៍អង្គភាពទឹកស្វយ័តសៀមរាបឱ្យកាន់តែរីកចម្រើន ក្នុងគោលដៅសម្រេចឱ្យបាន ក្នុងទីប្រជុំជននឹងទទួលបានទឹកស្អាតប្រើប្រាស់១០០ភាគរយ និងឆ្នាំ២០៣០មានទឹកស្អាត ប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យលោកអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តសៀមរាបអាណត្តិទី៧ថ្មីនេះ ត្រូវប្រកាន់ភ្ជាប់ក្នុងការប្រកួតប្រជែងរបស់ខ្លួនដោយខ្លួនឯង ដោយឈរលើវិន័យ សីលធមី ក្រមសីលធម៌វិជ្ជាជីវៈ តម្លាភាព គុណភាពសេវាឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ទឹក ស្អាត។ ម៉្យាងទៀតក៏ត្រូវមានកិច្ចសហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ សំខាន់ក្នុងការ ជំរុញប្រជាពលរដ្ឋមកប្រើប្រាស់ទឹកស្អាត ដើមី្បកាត់បន្ថយគ្រោះថ្នាក់ពីការប្រើប្រាស់ទឹកក្រោមដី ដែលនាំឱ្យប៉ះពាល់ដល់គ្រឹះប្រាសាទ ដោយខេត្តសៀមរាប ជាខេត្តសម្បូរទៅដោយប្រាង្គប្រាសាទ ល្អស្អាតប្រណិត ដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក៕


ដោយ៖ ហង្ស សៀក





