សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវប្រគល់ផ្ទះថ្មី និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនប្រជាពលរដ្ឋក្រីក្រចំនួន១៣គ្រួសារ នៅស្រុកបាទី
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវបានប្រគល់ផ្ទះថ្មី ១ខ្នងជូនដល់គ្រួសារស្ត្រីទីទ័លក្រឈ្មោះ សាយ ទូច ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់រលំផ្ទះនាពេលកន្លងមក ព្រមទាំងនាំយកអំណោយមនុស្សធម៌ចែកជូនគ្រួសារចាស់ជរាទីទ័លក្រចំនួន ១៣គ្រួសារ ស្ថិតនៅភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

ក្នុងពិធីប្រគល់អំណោយនេះ នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដមបណ្ឌិត ជា វ៉ាន់ដេត ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរខ្ពស់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬសាសនាអ្វីឡើយ ដោយទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា ផ្ទះថ្មីដែលបានប្រគល់ជូនគ្រួសាររងគ្រោះខាងលើគឺធ្វើពីគ្រោងដែក ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានទំហំទទឹង៤ម៉ែត្រ បណ្តោយ៦ម៉ែត្រ ព្រមទាំងមានតយ៉ាបមុខក្រោយប្រវែង ២.៥ម៉ែត្រផងដែរ។ ដោយឡែក សម្រាប់អំណោយមនុស្សធម៌ដែលបានប្រគល់ជូនដល់គ្រួសារក្រីក្រ និងចាស់ជរាទាំង ១៣គ្រួសារគឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ប្រេងឆា ១លីត្រ ទឹកត្រី ៣ដប និងទឹកស៊ីអ៊ីវ ៣ដប នំកញ្ចប់ធំ ១កញ្ចប់ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ និងថវិកាមួយចំនួន៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តតាកែវ)





