អាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះជួយគ្រួសារខ្វះខាត ២០គ្រួសារ នៅស្រុកភ្នំស្រុក ព្រមទាំងក្រើនរំលឹកពីសុវត្ថិភាពក្នុងរដូវវស្សា
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ រាជរដ្ឋាភិបាល និងអាជ្ញាធរ គឺមិនទុកឱ្យនរណាម្នាក់ស្លាប់ដោយអត់អាហារ ឬរងគ្រោះដោយគ្មានការជួយជ្រោមជ្រែងឡើយ។ នេះជាការគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់របស់ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ក្នុងឱកាសនាំយកអំណោយស្បៀងអាហាររបស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ទៅចែកជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ២០គ្រួសារ នៅភូមិភ្នំដី ឃុំភ្នំដី ស្រុកភ្នំស្រុក នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

នាក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅបំផុតពីសំណាក់ ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដែលជានិច្ចកាលតែងតែដុតដៃដុតជើង និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។

ក្រៅពីការផ្តល់ជំនួយសង្គ្រោះបន្ទាន់ លោក ឃ្លោក នួយ ក៏បានសម្តែងការព្រួយបារម្ភ និងសង្កត់ធ្ងន់ទៅលើបញ្ហាសុវត្ថិភាព និងសុខភាពសាធារណៈក្នុងអំឡុងពេលដែលរដូវវស្សាចូលមកដល់។ លោកបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ ដើម្បីឱ្យពលរដ្ឋត្រៀមលក្ខណៈការពារខ្លួន រួមមាន ត្រូវតាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាប្រចាំ ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងបាតុភូតធម្មជាតិផ្សេងៗ ពិសេសខ្យល់កន្ត្រាក់។ នៅពេលមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ ត្រូវប្រញាប់ស្វែងរកទីកន្លែងដែលមានសុវត្ថិភាពខ្ពស់ និងកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីក្នុងផ្ទះ ប្រសិនបើចាំបាច់ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ។ ត្រូវយកចិត្តទុកដាក់លើការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗដែលងាយកើតមានក្នុងរដូវវស្សា។

ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព លោកអភិបាលរងខេត្តបានជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ មិនត្រូវពឹងផ្អែកតែលើជំនួយនោះទេ គឺត្រូវបន្តការយកចិត្តទុកដាក់លើការងារបង្កបង្កើនផលបន្ថែមទៀត តាមរយៈការដាំដុះស្រូវ បន្លែបង្ការ ការចិញ្ចឹមត្រី និងសត្វ ក៏ដូចជាប្រកបមុខរបរផ្សេងៗទៀតឱ្យអស់លទ្ធភាព ដើម្បីជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពរស់នៅគ្រួសារឱ្យកាន់តែប្រសើរឡើង និងមាននិរន្តរភាពទៅថ្ងៃអនាគត។

សូមបញ្ជាក់ថា នៅក្នុងសកម្មភាពមនុស្សធម៌នេះ គ្រួសារខ្វះខាតទាំង ២០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, មី ១កេស, ទឹកសុទ្ធ ១កេស និងត្រីខ ១យួរ ដើម្បីជួយសម្រាលការលំបាកចំពោះមុខមួយគ្រា៕
ដោយ៖ ឈុន សារ៉ាត





