អាជ្ញាធរមូលដ្ឋានសហគមន៍ និងអង្គការ WWF រួមគ្នាប្រារព្ធទិវា នៅខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ក្នុងឱកាសរុក្ខទិវា ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦នេះ សហគមន៍អាជ្ញាធរមូលដ្ឋាន និងអង្គការ WWF-កម្ពុជា បានរួមគ្នាប្រារព្ធទិវាដ៏មានសារៈសំខាន់នេះនៅខេត្តក្រចេះ ដើម្បីបង្កើនការយល់ដឹងថា រាល់ដើមឈើដែលយើងដាំថ្ងៃនេះ គឺជាការបណ្ដុះក្តីសង្ឃឹម និងការប្តេជ្ញាចិត្តសម្រាប់អនាគតរបស់មនុស្ស និងធម្មជាតិ។

មន្ត្រីអង្គការ WWF បានលើកឡើងថា ដើមឈើមួយដើមអាចមើលទៅតូច ប៉ុន្តែនៅពេលយើងរួមគ្នាដាំរាប់ពាន់ដើម វាអាចជួយស្តារព្រៃឈើ ការពារជម្រកសត្វព្រៃ អភិរក្សប្រភពទឹក និងពង្រឹងភាពធន់របស់ប្រព័ន្ធអេកូឡូស៊ីចំពោះការប្រែប្រួលអាកាសធាតុ។ ការស្តារព្រៃឈើ មិនមែនគ្រាន់តែជាការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែជាការស្តារតុល្យភាពរវាងមនុស្ស និងធម្មជាតិ ដើម្បីឱ្យព្រៃឈើបន្តផ្តល់ទឹកស្អាត ខ្យល់បរិសុទ្ធ ស្បៀងអាហារ និងជីវភាពប្រកបដោយចីរភាពសម្រាប់សហគមន៍។

ក្នុងទិវារុក្ខទិវានេះ សូមចូលរួមទាំងអស់គ្នាដើម្បីជាផ្នែកមួយនៃដំណោះស្រាយ ដោយនាំគ្នាដាំដើមឈើ ការពារព្រៃឈើ និងជំរុញអ្នកដទៃឱ្យរួមគ្នាថែរក្សាធម្មជាតិ ដើម្បីអនាគតដ៏បៃតងសម្រាប់កម្ពុជា៕

ដោយ ណយ នឿន (ប្រភព៖ WWF)





