អគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទប្រគល់ថវិកាជាង២៧៦លានរៀលជូនមូលនិធិគន្ធបុប្ផាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការរង តំណាងឯកឧត្តមអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកថវិកាចំនួន២៧៥,៩៨៥,០០០រៀល បានមកពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ទៅប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមចំណែកគាំទ្រដល់បេសកកម្មសង្គ្រោះ និងព្យាបាលកុមារកម្ពុជា។

ពិធីប្រគល់ថវិកានេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទទួលថវិកាឧបត្ថម្ភនេះ។
ក្នុងឱកាសនោះ លោកជំទាវ ប៉ែន សុបភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ នាយទាហាន និងពលទាហានទាំងអស់ ដែលបានយកចិត្តទុកដាក់បរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកគាំទ្រដល់មូលនិធិគន្ធបុប្ផាកម្ពុជា ឱ្យមាននិរន្តរភាពក្នុងការជួយសង្គ្រោះ និងព្យាបាលជីវិតកុមារកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស វាសនា បានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភថវិការបស់ថ្នាក់ដឹកនាំ នាយទាហាន និងពលទាហាន ចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវបានអនុវត្តជាប្រចាំរៀងរាល់ត្រីមាស។ ទោះបីថវិកាដែលប្រមូលបានមិនមានចំនួនច្រើនក៏ដោយ ប៉ុន្តែនេះជាការបង្ហាញពីទឹកចិត្ត ការចែករំលែកជួយកុមារដែលជាទំពាំងស្នងឬស្សី ក្នុងស្មារតីទទួលខុសត្រូវចំពោះសង្គម ហើយអគ្គបញ្ជាការដ្ឋាននឹងបន្តគាំទ្រមូលនិធិគន្ធបុប្ផាកម្ពុជានៅពេលខាងមុខបន្តទៀត៕

ដោយ សំ សាម៉ន





