រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦
AKP កំពង់ធំ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦--រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី លំ គន្ធារី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មន្ត្រីសាលាខេត្ត កងកម្លាំងទាំង៣ និងប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តម ដៀប ពីរី បានលើកយកនូវរបៀបវារៈនៃកិច្ចប្រជុំរួមមាន៖ ១.ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាខេត្ត។ ២.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ ៣.ពិនិត្យ និងអនុម័តលើសំណើតែងតាំងមន្ត្រីរាជការ និងបន្តអាណត្តិគណៈអភិបាលស្រុក និង៤.បញ្ហាផ្សេងៗដើម្បីពិនិត្យនិងអនុម័តដោយការលើកដៃ។

ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តបានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តកំពង់ធំឱ្យមានភាពរីកចម្រើន បានលេចចេញនូវសមិទ្ធផលជាច្រើនបង្កើននូវភាពទាក់ទាញ និងចាប់អារម្មណ៍ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេស បានទាក់ទាញអ្នកវិនិយោគក្នុងប្រទេស និងក្រៅប្រទេស ចាប់អារម្មណ៍ពីសក្តានុពលក្នុងឱកាសវិនិយោគលើទឹកដីខេត្តកំពង់ធំ សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព បានប្រែក្លាយខេត្តកំពង់ធំ មកជាខេត្តដែលមានអ្នកទេសចរចូលមកស្នាក់នៅ និងដើរលេងកម្សាន្តប្រកបដោយក្តីសប្បាយរីករាយ។

លោកស្រី លំ គន្ធារី ថ្លែងថា ខេត្តកំពង់ធំនាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំខេត្ត ជាពិសេសឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ខេត្តមានការរីកចម្រើនគ្រប់វិស័យ ព្រមទាំងទទួលបានការសាទរពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋគ្រប់រូបធ្វើឱ្យខេត្តកំពង់ធំ ផ្លាស់ប្តូរមុខមាត់ថ្មី ទទួលបានការចាប់អារម្មណ៍ពីអ្នកវិនិយោគជាច្រើនមកបណ្តាក់ទុនវិនិយោគក្នុងខេត្ត បានបង្កើនកំណើនសេដ្ឋកិច្ចនិងបង្កើតឱកាសការងារ លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ៕

ដោយ ស៊ុម វណ្ណា





