ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំប្រទេសអូទ្រីស បានចូលកាន់តំណែង
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ -- យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ទីក្រុងព្យុងយ៉ាងបានរាយការណ៍នៅថ្ងៃចន្ទថា ឯកអគ្គរដ្ឋទូតថ្មីរបស់កូរ៉េខាងជើងប្រចាំប្រទេសអូទ្រីស បានឡើងកាន់តំណែងនេះ ខណៈដែលលោកបានប្រគល់សារតាំងរបស់លោកទៅកាន់ប្រធានាធិបតីអូទ្រីស លោកអាឡិចសាន់ដឺ វ៉ាន់ដឺ បេលេន (Alexander Van der Bellen) ។
យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) របស់កូរ៉េខាងជើង បានឱ្យដឹងថា ខណៈពេលកំពុងប្រគល់សារតាំងរបស់លោកលោក យ៉ុង ហាក់មីន (Kyong Hak-min) បានពាំនាំ «ការសួរសុខទុក្ខយ៉ាងកក់ក្តៅ» ពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un)ទៅកាន់ប្រធានាធិបតីអូទ្រីស។
នៅក្នុងរបាយការណ៍ លោក វ៉ាន់ដឺ បេលេន បាននិយាយថា លោកសង្ឃឹមថា «អ្វីៗនឹងដំណើរការទៅដោយរលូននៅក្នុងប្រទេសកូរ៉េខាងជើងនាពេលអនាគត ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងមានការអភិវឌ្ឍ»។
កាលពីខែមុន ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា លោកយ៉ុង ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំប្រទេសអូទ្រីស។ លោកត្រូវបានគេជឿថាបានជំនួសលោក ចូ កាងអ៊ីល (Choe Kang-il)។
យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថាប្រទេសកូរ៉េខាងជើងបានរក្សាបេសកកម្មការទូតនៅក្រៅប្រទេសចំនួន ៤៣នៅទូទាំងពិភពលោក គិតត្រឹមខែមិថុនា។
នៅប៉ែកអឺរ៉ុប ភាគខាងជើងដំណើរការបេសកកម្មការទូតសរុបមានចំនួន ១៥ រួមទាំងស្ថានទូតប្រចាំនៅប្រទេសអូទ្រីស អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេសស្វីស និងអ៊ីតាលី ក៏ដូចជាស្ថានកុងស៊ុលមួយ និងការិយាល័យតំណាងពីរផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





