លោក គង់ សំអាត ជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលាអនុវត្តន៍វិន័យការងារឱ្យបានត្រឹមត្រូវ
AKP កំពង់ធំ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--លោក គង់ សំអាត អភិបាលស្រុកប្រាសាទបល្ល័ង្ក បានជំរុញឱ្យមន្ត្រីក្រោមឱវាទបំពេញការងារដោយមានឆន្ទៈ គោរពពេលវេលា អនុវត្តន៍វិន័យការងារឱ្យបានត្រឹមត្រូវ។ លោកអភិបាលស្រុកបានជំរុញដូចនេះក្នុងកិច្ចប្រជុំប្រចាំខែ ជាមួយមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកកាលពីរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦។

លោកអភិបាលស្រុកជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវការបំពេញការងារគ្រប់ផ្នែកនីមួយៗគឺប្រព្រឹត្តទៅស្របតាមរចនាសម្ព័ន្ធដែលច្បាប់និងក្រសួងមហាផ្ទៃ បានកំណត់ទៅតាមលំដាប់ឋានានុក្រម ជាពិសេសអង្គភាពច្រកចេញចូលតែមួយ សំដៅធ្វើយ៉ាងណាក្នុងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយប្រសិទ្ធភាព លឿនរហ័សទាន់ចិត្តនិងមានការទទួលខុសត្រូវខ្ពស់ លើកិច្ចការងាររបស់ខ្លួន ដែលបានអនុវត្តន៍ជាប្រចាំធ្វើយ៉ាងណាសំដៅគោរពពេលវេលា គោរពវិន័យការងារមិនត្រូវធ្វើជាមន្ត្រីដែលមានមុខតែពេលប្រជុំឬក៏មន្ត្រីជើងដប់។

ជាមួយគ្នានោះ លោកអភិបាលស្រុកក៏បានធ្វើការណែនាំ-ផ្តាំផ្ញើ នូវកិច្ចការសំខាន់ៗមួយចំនួនដល់មន្ត្រីក្រោមឱវាទត្រូវបន្តយកចិត្តទុកដាក់អនុវត្តន៍ឱ្យបានល្អ ខ្ជាប់ខ្ជួន ម៉ឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ខិតខំបំពេញតួនាទី ភារកិច្ចក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ត្រូវមានសាមគ្គីភាពផ្ទៃក្នុង សហការក្នុងការអនុវត្តការងារជាមួយអង្គភាពស្ថាប័នពាក់ព័ន្ធដើម្បីទទួលបានលទ្ធផលល្អ និងការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងអាណត្តិទី៧នេះ និងត្រូវអនុវត្តន៍លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានាឱ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបានជោគជ័យ ត្រូវបន្តខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំ ចាត់ចែងអនុវត្តន៍ការងារជាប្រចាំ និងជំរុញការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគណនេយ្យភាព តម្លាភាព និងភាពរហ័សរហួន ជាពិសេស បន្តខិតខំអនុវត្តន៍គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់រាជរដ្ឋាភិបាលទាំង៧ចំណុច៕

ដោយ ស៊ុម វណ្ណា





