មេបញ្ជាការយោធភូមិភាគទី៤ ចាត់ទុកយោធិនចូលសោធននិវត្តន៍ គឺជាគំរូវីរភាពដ៏អង់អាចក្លាហាន ដែលកន្លងមកពួកគាត់បានចូលរួមធ្វើពលីកម្មដ៏ធំធេងដើម្បីជាតិ
AKP សៀមរាប ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ៍ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ បានជួបសំណេះសំណាលសួរសុខទុក្ខ និងបំពាក់ឋានន្តរសក្តិ បំពាក់គ្រឿងឥស្សរិយយសជូនដល់យោធិនដែលត្រូវដាក់ឱ្យចូលសោធននិវត្តន៍របស់បណ្តាអង្គភាពចំណុះឱ្យយោធភូមិភាគទី៤ ប្រចាំឆ្នាំ២០២៥។

នៅក្នុងពិធីជួបសំណេះសំណាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ជូនចំពោះបងប្អូនយោធិនដែលត្រូវដាក់ឱ្យចូលសោធននិវត្តន៍ របស់អង្គភាពយោធភូមិភាគទី៤ នាពេលនេះថា គឺជាគំរូវីរភាពដ៏អង់អាចក្លាហាន ដែលកន្លងមកពួគាត់បានចូលរួមធ្វើពលីកម្មដ៏ធំធេងក្នុងការរំដោះប្រទេសជាតិ និងបានផ្តួលរំទប់ស្កាត់ការវិលត្រឡប់ឡើងវិញនៅរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមយ៉ាងសកម្មក្នុងចលនាបង្រួបបង្រួមជាតិ តាមរយៈនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិបានពេញលេញ។

ឯកឧត្តមមេបញ្ជាការ បានបន្តផ្តាំផ្ញើដល់បងប្អូនយោធិនសោធននិវត្តន៍ និងផ្ទេរចេញពីក្របខ័ណ្ឌទាំងអស់ពេលវិលត្រឡប់ទៅមូលដ្ឋានវិញ ត្រូវធ្វើខ្លួនឱ្យក្លាយជាពលរដ្ឋល្អរបស់សង្គមជាតិ ដោយត្រូវគោរពច្បាប់នានារបស់រដ្ឋឱ្យបានល្អ ខិតខំបំពេញការងារបង្ករបង្កើនផល និងប្រកបរបររកស៊ីចិញ្ចឹមជីវិតប្រកបដោយភាពសុចរិត ចូលរួមគ្រប់សកម្មភាពរបស់សង្គម ដើម្បីឱ្យប្រទេសជាតិបន្តមានការរីកចម្រើនទៅមុខថែមទៀត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង បាននាំយកនូវថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនដែលត្រូវដាក់ឱ្យចូលសោធននិវត្តន៍ទាំងអស់ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២០ម៉ឺនរៀល និងវត្ថុអនុស្សាវរីយ៍មួយចំនួនទៀតជាទឹកចិត្តដ៏ប្រពៃរបស់ ឯកឧត្តម មេបញ្ជាការ យោធភូមិភាគទី៤ ផងដែរ៕

ដោយ ឃុត សៅ





