ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អនុម័តកញ្ចប់ថវិកាជាង ១៥២ ប៊ីលានរៀល លើគម្រោងអាទិភាពចំនួន ៤០ ដើម្បីជំរុញការអភិវឌ្ឍ៣ឆ្នាំខាងមុខ
AKP បន្ទាយមានជ័យ ថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០២៦--ក្នុងស្មារតីទទួលខុសត្រូវខ្ពស់លើការងារអភិវឌ្ឍន៍មូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ខ្លួននាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។

ជាលទ្ធផលផ្លែផ្កាដ៏ត្រចះត្រចង់នៅក្នុងកិច្ចប្រជុំនេះ អង្គប្រជុំទាំងមូលបានពិនិត្យ ពិភាក្សា និងសម្រេចអនុម័តលើសេចក្តីព្រាងសេចក្តីណែនាំ ស្តីពីការរៀបចំកម្មវិធីវិនិយោគឆ្នាំរំកិល (២០ ២៧-២០២៩) របស់រដ្ឋបាលខេត្ត និងបញ្ជីបូកសរុបគម្រោងវិនិយោគជាអាទិភាពដែលប្រើប្រាស់តែមូលនិធិខេត្ត។
ផែនការមេសម្រាប់រយៈពេល ៣ឆ្នាំខាងមុខនេះ គ្របដណ្តប់លើគម្រោងសរុបចំនួន ៤០ គម្រោង ដែលគ្រោងនឹងប្រើប្រាស់ថវិកាប៉ាន់ស្មានសរុបប្រមាណ ១៥២,៤៣៤ ប៊ីលានរៀល ដោយបែងចែកទៅតាមវិស័យគន្លឹះៗដូចជាផ្នែកសេដ្ឋកិច្ច មានចំនួន ០៩ គម្រោង ថវិកាប៉ាន់ស្មានជាង ៨២ ប៊ីលានរៀល (ផ្តោតលើការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច)។

ផ្នែកសង្គមកិច្ច មានចំនួន ១៤ គម្រោង ថវិកាប៉ាន់ស្មានជាង ១៣ ប៊ីលានរៀល (ផ្តោតលើការអប់រំ សុខាភិបាល និងការគាំពារសង្គម)។ ផ្នែកធនធានធម្មជាតិ បរិស្ថាន និងប្រែប្រួលអាកាសធាតុ មានចំនួន ០៦ គម្រោង ថវិកាប៉ាន់ស្មានជាង ៣៧ ប៊ីលានរៀល (ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការការពារបរិស្ថានប្រកបដោយចីរភាព)។ ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ មានចំនួន ១១ គម្រោង ថវិកាប៉ាន់ស្មានជាង ១៩ ប៊ីលានរៀល (ពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ)។
នៅក្នុងឱកាសនោះ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការរៀបចំផែនការវិនិយោគនេះឡើង។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា រាល់គម្រោងទាំង ៤០ ដែលបានអនុម័តនៅថ្ងៃនេះ មិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេ ប៉ុន្តែវាជាដង្ហើមសេដ្ឋកិច្ច និងជាផលប្រយោជន៍ផ្ទាល់របស់ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ។ ដូច្នេះ គ្រប់ភាគីពាក់ព័ន្ធត្រូវតែធានាឱ្យបាននូវតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់បំផុតក្នុងការអនុវត្តគម្រោងទាំងនេះ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។
មានប្រសាសន៍បន្ថែមក្នុងកិច្ចប្រជុំ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់គណៈអភិបាលខេត្ត ក្នុងការបំប្លែងផែនការយុទ្ធសាស្ត្រនេះឱ្យទៅជាសមិទ្ធផលជាក់ស្តែងនៅលើដី។ ឯកឧត្តមបានរំលឹកនិងណែនាំដល់គ្រប់មន្ទីរ-អង្គភាពជុំវិញខេត្តថាថវិកាជាង ១៥២ ប៊ីលានរៀលនេះ គឺជាកម្លាំងចលករយ៉ាងសំខាន់។ ខ្ញុំសូមណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ត្រូវចុះពិនិត្យ និងតាមដានការអនុវត្តគម្រោងនីមួយៗឱ្យបានជាប់ជាប្រចាំ។ យើងត្រូវរួមគ្នាធ្វើការឱ្យទាន់ពេលវេលា ធានាគុណភាពសំណង់ និងគុណភាពសេវា ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទទួលបានផ្លែផ្កាពីការអភិវឌ្ឍនេះពិតប្រាកដ ប្រកបដោយសមធម៌ និងបរិយាបន្ន។

ក្រៅពីការអនុម័តលើកញ្ចប់ថវិកាអភិវឌ្ឍន៍ ៣ឆ្នាំរំកិល កិច្ចប្រជុំសាមញ្ញលើកទី២៦ នេះ ក៏បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត រួមមាន៖ អនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤។ អនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤។ អនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្ត។ អនុម័តសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ថ្មី(ពីរ) នៃសេចក្តីសម្រេចលេខ ១១៨/២៥ សសរ របស់រដ្ឋបាលខេត្ត ស្តីពីការកែសម្រួលគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) អាណត្តិទី៤ ដើម្បីពង្រឹងយន្តការការពារ និងលើកកម្ពស់សិទ្ធិស្ត្រីនិងកុមារក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាព។ អនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិកនៃរដ្ឋបាលខេត្ត សម្រាប់ខែមិថុនា ឆ្នាំ២០២៦ និងថវិកាពង្រឹងយន្តការរដ្ឋបាល ដើម្បីជាការលើកទឹកចិត្តដល់ស្មារតីបំពេញការងារបំរើប្រជាពលរដ្ឋរបស់មន្ត្រីរាជការ។

កិច្ចប្រជុំសាមញ្ញលើកទី២៦ នៃក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់ ដែលនេះជាសញ្ញាណវិជ្ជមានថ្មីមួយទៀតសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងទិសដៅនាំមកនូវការអភិវឌ្ឍប្រកបដោយចីរភាព និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ៕
ដោយឈុនសារ៉ាត





