ក្រុមប្រឹក្សាខេត្តសៀមរាបជំរុញសមត្ថកិច្ចរដ្ឋបាលក្រុងស្រុកប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដើម្បីបង្កើនភ្ញៀវទេសចរ
AKP សៀមរាប ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយផ្អែកទៅលើប្រធានបទដ៏ក្តៅគគុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កុំឱ្យមាននៅកម្ពុជានោះ សំរាប់ខេត្តសៀមរាប ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍នោះ ឯកឧត្តម លី សំរិទ្ធ ក៏បានជម្រុញដល់កងកម្លាំងប្រដាប់អាវុធទាំងបី និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវអនុវត្តឱ្យខាងតែបានក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើមី្បកុំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ និង អ្នកវិនិយោគចូលមកខេត្តសៀមរាប។

ការជំរុញក្នុងការបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមប្រជុំមកពីគ្រប់សមាភាពថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តសៀមរាប។

ក្នុងកិច្ចប្រជុំនោះ ពាក់ព័ន្ធទៅនឹងវិស័យទេសចរ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឆមាសទី១ឆ្នាំ២០២៦នេះ ភ្ញៀវទេសចរណ៍ចូលមកខេត្តសៀមរាប មានជាង១លាន៥សែននាក់ ក្នុងនោះភ្ញៀវបរទេសបានថយចុះ៣៣ភាគរយ បើធៀបទៅឆ្នាំ២០២៥។ ហើយករណីការថយចុះនៃភ្ញៀវទេសចរអន្តរជាតិនេះ ដោយបញ្ហាសន្តិសុខសុវត្ថិភាពនៅលើសកលលោក ហើយក៏បានធ្វើឱ្យប៉ះពាល់ដល់ វិស័យឯកជនទៀតផង។

លោកអភិបាលរងខេត្តក៏បានលើកឡើង ពីវិធានការរបស់ក្រសួងទេសចរណ៍ និងឯកឧត្តមអភិបាលខេត្ត ក្នុងការជំរុញលើកញ្ចប់តម្លៃជូនដល់ភ្ញៀវជាតិ អន្តរជាតិ ក្នុងការទាក់ទាញភ្ញៀវឲ្យមានការកើនឡើង។ ហើយនៅថ្ងៃខាងមុខនេះ និងមានរៀបចំសិក្ខាសាលាដើមី្បពង្រឹងនៃការទំនាក់ទំនងវិស័យទេសចរ ពីតំបន់មួយទៅតំបន់មួយទៀតក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ ហង្ស សៀក





