ទូតកម្ពុជានៅកូរ៉េ និងមជ្ឈមណ្ឌល GIRC ប្តេជ្ញាពង្រឹងពង្រីកនិងធ្វើកិច្ចសហប្រតិបត្តិការវិស័យអប់រំ វប្បធម៌ កីឡា ការអភិវឌ្ឍសហគមន៍
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០២៦--ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ និងមជ្ឈមណ្ឌល GIRCបានប្តេជ្ញាពង្រឹកពង្រីកនិងធ្វើកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ វប្បធម៌ កីឡា ការអភិវឌ្ឍសហគមន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក SHIN Gyonggu នាយកប្រតិបត្តិមជ្ឈមណ្ឌលគាំពារជនបរទេសក្វាងជូ (Gwangju International Residents Center - GIRC) នៅតំបន់ក្វាងជូធំ ខេត្ត Jeollanam-do។

ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតបានថ្លែងអំណរគុណនិងកោតសេសើរចំពោះលោកនាយក និងមជ្ឈមណ្ឌល GIRC ដែលបានយកចិត្តទុកដាក់ ផ្តល់ការគាំទ្រ និងសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសហគមន៍ខ្មែរនៅតំបន់ក្វាងជូធំ នាពេលកន្លងមក។

ជាមួយគ្នានេះ ឯកឧត្តមឯកអគ្គរាជទូតបានគូសបញ្ជាក់ថា ស្ថានទូត នឹងធ្វេីការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌល GIRC និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់សុខុមាលភាព ការពារផល ប្រយោជន៍រួម និងបង្កើតឱកាសកាន់តែប្រសើរសម្រាប់បងប្អូនសហគមន៍ខ្មែរ ដែលកំពុងរស់នៅ សិក្សា និងបំពេញ ការងារនៅតំបន់ក្វាងជូធំ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថានទូត និងមជ្ឈមណ្ឌល GIRC លើវិស័យអប់រំ វប្បធម៌ កីឡា ការអភិវឌ្ឍសហគមន៍ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន សំដៅបង្កើនការយល់ដឹងទៅវិញទៅមក ក្នុងន័យពង្រឹងទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរក្នុងការជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងរួមចំណែកពង្រឹងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ៕
ដោយ៖ ប៊ុនរិទ្ធ





