មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ៖ វិជ្ជាជីវៈសារព័ត៌មានត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងស្ថាប័ន ឬអង្គភាពមួយ
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ មានប្រសាសន៍ថា វិជ្ជាជីវៈសារព័ត៌មានត្រូវបានចាត់ទុកជាផ្នែកដ៏សំខាន់មិនអាចខ្វះបានក្នុងស្ថាប័ន ឬអង្គភាពមួយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយសាធារណមតិ ដើម្បីលើកកម្ពស់កិត្យានុភាពរបស់អង្គភាព និងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំ។ ការលើកឡើងរបស់ឧត្តមសេនីយ៍ឯក ហោ សំអាត យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្ត្រីសារព័ត៌មាន លើកទី២ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ពិតណាស់វិជ្ជាជីវៈសារព័ត៌មានជាវិជ្ជាជីវៈឯករាជ្យមួយ វិជ្ជាជីវៈមួយនេះបានក្លាយជាអំណាចទី៤ និងក្លាយជាអាវុធយុទ្ធសាស្ត្រលើសង្គ្រាមចិត្តសាស្ត្រដ៏សំខាន់សម្រាប់សង្គម និងមនុស្សជាតិ។ ដោយសារសារៈសំខាន់ទាំងអស់នេះហើយ ទើបទាមទារឱ្យអ្នកសារព័ត៌មានមានភាពឆ្លាតវៃ និងមានភាពបត់បែនក្នុងការអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនឱ្យទទួលបានជោគជ័យ៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





