អគ្គលេខាធិការរង អ.ន.ក ចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាលដល់ អ.ន.ក ខេត្តស្វាយរៀង
AKP ភ្នំពេញ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦-- លោក អ៊ុ សុខ អគ្គលេខាធិការរងសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អ.ន.ក. នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ អ.ន.ក. ជូនដល់ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់របស់ខេត្តស្វាយរៀង។

នៅក្នុងឱកាសនោះ លោក អ៊ុ សុខ អគ្គលេខាធិការរង អ.ន.ក. មានប្រសាសន៍ និងគូសបញ្ជាក់ពីចំណុចសំខាន់ៗក្នុងការងារគ្រប់គ្រងសមាជិក អ.ន.ក.ថ្នាក់ខេត្ត និងសមាជិក អ.ន.ក.តាមវិស័យ ដែលជាការងារថ្មីស្ថិតក្នុងរចនាសម្ព័ន្ធ និងបរិបថថ្មីនៃ អ.ន.ក. បន្ទាប់ពីមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេសបានអនុម័តរួចមក។ថ្នាក់ដឹកនាំ និងក្រុមការងារ អ.ន.ក.គ្រប់ថ្នាក់ទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់បទបង្ហាញនានា ដើម្បីទទួលបានចំណេះដឹងបន្ថែមសម្រាប់អនុវត្តការងារសមាគមឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពបន្ថែមទៀត។

វគ្គបណ្ដុះបណ្ដាលនោះមានការអញ្ជើញចូលរួមពីសមាជិកគណៈអចិន្រ្តៃយ៍ អ.ន.ក.ថ្នាក់កណ្តាល លោក ម៉ែន អេង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការ អ.ន.ក. ខេត្តស្វាយរៀង ថ្នាក់ដឹកនាំ និងក្រុមការងារនៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់ ព្រមទាំងលោក លោកស្រី ជាមន្ត្រីជំនាញជុំវិញខេត្ត ជាច្រើនរូបទៀត៕

ដោយ ណយ នឿន (ប្រភព៖ សមាគមអតីតយុទ្ធជន)





