ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ជំរុញដល់ថ្នាក់ដឹកនាំការិយាល័យត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទ
AKP កំពង់ធំ ថ្ងៃទី0៦ ខែកក្កដា ឆ្នាំ២០២៦--ឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្សនៃស្នងការដ្ឋានខេត្តកំពង់ធំ បានជំរុញដល់ថ្នាក់ដឹកនាំការិយាល័យត្រូវយកចិត្តទុកដាក់បញ្ហាសុខភាពរបស់កងកម្លាំងក្រោមឱវាទ។ លោកបានជំរុញដូចនេះក្នុងឱកាសអញ្ជើញដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខមន្ត្រីនគរបាលដែលសម្រាកព្យាបាលជំងឺនៅគេហដ្ឋានក្នុងភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែនខេត្តកំពង់ធំ នាព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២៦។

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ មានប្រសាសន៍ថា ដោយអនុវត្តន៍តាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តបានចាត់ឱ្យលោក និងក្រុមការងារចុះសួរសុខទុក្ខដល់លោកស្រី វរសេនីយ៍ទោ ហ៊ុល សារ៉ន នាយរងការិយាល័យបណ្ដុះបណ្ដាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំសម្រាកព្យាបាលជំងឺនៅគេហដ្ឋានរបស់លោកស្រី។ លោកបានពាំនាំការផ្តាំផ្ញើសាកសួសុខទុក្ខពីថ្នាក់ដឹកនាំពិសេសឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តលោកតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខសុខុមាលភាពកងកម្លាំង និងក្រុមគ្រួសារមន្ត្រីក្រោមឱវាទទោះបីជាស្ថិតក្នុងហេតុការណ៍ណាមួយ នៅពេលដែលលោកទទួលដំណឹងមានមន្ត្រីជួបបញ្ហាប្រឈមលោកតែងតែដឹកនាំកងកម្លាំងឬចាត់តំណាងចុះអន្តរាគមន៍បានទាន់ពេលវេលា គឺមិនបោះបង់ចោលបងប្អូននាគ្រាជួបទុក្ខលំបាកឡើយ។

លោកបានណែនាំដល់អ្នកជំងឺសូមបន្តថែទាំសុខភាពតាមរយៈការធ្វើអនាម័យរស់នៅស្អាតបរិភោគស្អាត ព្រមទាំងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ទើបសុខភាពបងប្អូនឆាប់បានល្អប្រសើរឡើងវិញ និងបានណែនាំថ្នាក់ដឹកនាំគ្រប់ការិយាល័យជំនាញត្រូវត្រួតពិនិត្យនិងរាយការណ៍ជាបន្ទាន់ប្រសិនបើមន្ត្រីមានបញ្ហា។
លោកស្រី ហ៊ុល សារ៉ន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ទោ ហេង សុផល និងលោកស្រី ដែលបានចាត់តំណាងចុះសាកសួរសុខទុក្ខព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនដល់ក្រុមគ្រួសារលោកស្រី ស្របតាមតម្រូវការចាំបាច់ក្នុងការចំណាយដោះស្រាយជីវភាពជាប្រចាំថ្ងៃ និងសូមគោរពជូនពរចំពោះលោកស្នងការនិងលោកស្រី និងក្រុមការងារទាំងអស់ទទួលបានសេចក្តីសុខ និងខិតខំបម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ៕

ដោយ ស៊ុម វណ្ណា





